(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកចំនួន១០% នៃចំនួនកម្លាំងបុគ្គលិកសរុបទូទាំងពិភពលោក ខណៈការបញ្ឈប់បុគ្គលិកដ៏ច្រើននៅពេលនេះ គឺស្របនឹងគោលការណ៍ ដែលនាយកប្រតិបត្តិ Elon Musk ដាក់ចេញ។ នេះបើតាមការចេញផ្សាយដោសសារព័ត៌មាន CNBC។

គ្រាន់តែព័ត៌មាននេះប្រកាសចេញភ្លាមបានធ្វើឲ្យភាគហ៊ុនរបស់ Tesla ធ្លាក់ចុះ ៥% ភ្លាមៗនៅថ្ងៃចន្ទសប្តាហ៍នេះ។

Elon Musk បាននិយាយនៅក្នុងសេចក្តីប្រកាស CNBC ទទួលបានថា «នៅពេលដែលយើងរៀបចំក្រុមហ៊ុនសម្រាប់ដំណាក់កាលបន្ទាប់នៃការរីកចម្រើន វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពិនិត្យមើលគ្រប់ផ្នែកនៃក្រុមហ៊ុន សម្រាប់ការកាត់បន្ថយការចំណាយ និងការបង្កើនផលិតភាពការងារ។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ យើងបានធ្វើការពិនិត្យយ៉ាងម៉ត់ចត់អំពីផ្នែកនានា និងបានធ្វើការសម្រេចចិត្តដ៏លំបាក ក្នុងការកាត់បន្ថយចំនួនបុគ្គលិកច្រើនជាង ១០% នៅទូទាំងពិភពលោក»

គួរជម្រាបថា Tesla មានបុគ្គលិកចំនួន ១៤០,៤៧៣ នាក់គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ ការប្រកាសបញ្ឈប់បុគ្គលិកនៅពេលនេះ គឺដើម្បីកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន និងដើម្បីបង្កើនប្រសិទ្ធភាពការងារ ត្បិតបច្ចុប្បន្ននេះ Tesla កំពុងជួបការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងទីផ្សាររថយន្តសាកល ជាពិសេសដៃគូប្រជែង BYD តែម្តង៕