(បរទេស)៖ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានបង្ខំឱ្យ Apple បើកប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់អ្នកប្រើប្រាស់ដើម្បីអាចដំឡើងកម្មវិធីបានក្រៅពី App Store ឬ (third-party app stores) នៅក្នុងសហភាពអឺរ៉ុប ឥឡូវនេះវាហាក់ដូចជាប្រទេសផ្សេងទៀត កំពុងចាប់ផ្តើមយកគំរូ និងស៊ើបអង្កើត Apple ជុំវិញការអនុវត្តច្បាប់ប្រឆាំងនឹងសេចក្តីទុកចិត្ត និងប្រើប្រាស់សិទ្ធិផ្តាច់មុខ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

នាពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយថា ជប៉ុនកំពុងសម្លឹងរកការបង្កើនការផាកពិន័យយ៉ាងខ្លាំងចំពោះសាជីវកម្មធំៗដែលធ្វើការអនុវត្តសិទ្ធិផ្តាច់មុខ។ ជាពិសេសដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជាដើម ដោយប្រទេសជប៉ុនបានព្រមានថា ខ្លួនមានផែនការធំជាងនេះ ក្នុងការកែប្រែបទប្បញ្ញត្តិរបស់ខ្លួនប្រឆាំងនឹងការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង។ ខណៈដែលបញ្ហាចម្បងរបស់ប្រទេសជប៉ុនតែមួយគត់ គឺជាមួយនឹង App Store របស់ Apple។

ច្បាប់នៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ ស្នើឱ្យមានការផាកពិន័យចំនួន ៦ភាគរយនៃការលក់ ប៉ុន្តែអ្នកបង្កើតគោលនយោបាយ (រដ្ឋាភិបាល) កំពុងស្វែងរកការបង្កើនចំនួននោះដល់ទៅ ២០ភាគរយឯណោះ។ ការខកខានជាបន្តបន្ទាប់នាពេលអនាគត ក្នុងការអនុលោមតាមច្បាប់នឹងបណ្តាលឱ្យមានការផាកពិន័យបន្ថែមទៀត អាចកើនឡើងដល់ចំនួន ៣០ភាគរយនៃការលក់។

ដូចនៅក្នុងសហភាពអឺរ៉ុបដែរ ប្រទេសជប៉ុនទំនងជានឹងបង្ខំឱ្យ Apple បើក platform របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ដើម្បីអាចដំឡើងកម្មវិធីក្រៅពី App Store និងប្រព័ន្ធទូទាត់ជំនួស ពីព្រោះ នៅពេលនេះ ការជាវ និងកម្មវិធីបង់ប្រាក់ទាំងអស់ទាមទារការទូទាត់តាមរយៈប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនរបស់ Apple ដែលពាក់ព័ន្ធនឹងថ្លៃដំណើរការរហូតដល់ ៣០ភាគរយ។

ជុំវិញបញ្ហានេះ ប្រសិនបើប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកធ្វើតាមនោះ Apple ប្រហែលជាត្រូវបង្ខំចិត្តពិចារណាកាន់តែខ្លាំងឡើង ព្រោះវាមានផលពិបាកក្នុងការថែរក្សាកំណែងផ្សេងៗគ្នាសម្រាប់ទីផ្សារនីមួយៗ៕