(បរទេស)៖ សម្រាប់អ្នកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp កាន់តែមានភាពងាយស្រួលហើយ ខណៈនៅថ្ងៃអង្គារ៍សប្តាហ៍នេះ WhatsApp ប្រកាសចេញមុខងារ Filters ដើម្បីផ្តល់ភាពងាយស្រួលឲ្យអ្នកប្រើប្រាស់ បែងចែកសារទៅតាមផ្នែក ដូចជាសារទាំងអស់ (All), សារមិនទាន់បានចូលមើល (Unread), និងការជជែកជាក្រុម (Group) ជាដើម។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន TechCrunch។

ការបង្ហាញសារទាំងអស់ ឬ All Filter គឺបង្ហាញទាំងសារតែបានចូលមើល និងមិនបានចូលមើល ខណៈដែល Unread គឺបង្ហាញពីសារដែលមិនទាន់បានចូលមើល។ ក្រុមហ៊ុន Meta ដែលជាម្ចាស់របស់កម្មវិធី WhatsApp នេះបាននិយាយថា ការជជែកជាក្រុម ឬ Group Filter គឺជាលក្ខណៈពិសេសមួយ ដែលត្រូវបានស្វែងរកច្រើនបំផុត សម្រាប់ការ Scroll យ៉ាងឆាប់រហ័ស តាមរយៈការជជែកជាក្រុមរបស់អ្នកប្រើប្រាស់។

ទោះជាយ៉ាងណាក៏ដោយ ការដាក់ដំណើរការ Filters ទាំងនេះ ជាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ដូចដែលរបាយការណ៍ជាច្រើនពីវែបសាយតាមដាន WhatsApp ឈ្មោះថា WABetaInfo បានឲ្យដឹងថា WhatsApp បាននឹងកំពុងធ្វើការលើ Filters ផ្សេងទៀតដូចជា Contacts Filters ជាដើម។ WhatsApp បាននិយាយថា ជម្រើស Filter ទាំងនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ចាប់ពីថ្ងៃជូនដំណឹងនៅតាមបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ ហើយសម្រាប់អ្នកប្រើប្រាស់លើពិភពលោក នឹងមានក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ៕