(ឌូបៃ)៖ ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានឱ្យដឹងកាលពីថ្ងៃអង្គារថា វេទិកាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកមួយនេះទំនងជានឹងទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ពាន់លាននាក់ក្នុងរយៈពេលមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នៅក្នុងបទសម្ភាសដ៏កម្រមួយ លោក Pavel Durov បានប្រាប់អ្នកកាសែតអាមេរិក Tucker Carlson ថា ការប្រើប្រាស់កម្មវិធីផ្ញើសារដែលមានមូលដ្ឋានលើខ្លោដឥតគិតថ្លៃនេះកំពុងរីករាលដាលដូច «ភ្លើងឆេះព្រៃ»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Durov ម្ចាស់ក្រុមហ៊ុន Telegram ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនិងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារ ហៅទូរសព្ទ និងផ្ញើឯកសារផ្សេងទៀតបានប្រាប់លោក Tucker ថា៖ «យើងប្រហែលជានឹងទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ពាន់លាននាក់ក្នុងរយៈពេលមួយឆ្នាំឥឡូវនេះ»។

លោក Durov បាននិយាយថា គោលដៅរបស់កម្មវិធីដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្ម ៩០០លាននាក់គឺរក្សានៅជា «វេទិកាអព្យាក្រឹត» និងមិនមែនជា «អ្នកដើរតួនៅក្នុងភូមិសាស្ត្រនយោបាយ» ទេ។ សហគ្រិនដើមកំណើតរុស្សីរូបនេះបាននិយាយថា គាត់បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ ដោយលើកឡើងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលនៅក្នុងក្រុមហ៊ុនដែលគាត់បានបង្កើត។

គូប្រជែងដ៏សំខាន់មួយរបស់ Telegram គឺ WhatsApp របស់ក្រុមហ៊ុន Meta Platforms មានអ្នកប្រើប្រាស់សកម្មប្រចាំខែច្រើនជាង ២ពាន់លាននាក់។ កាសែត Financial Times បានរាយការណ៍កាលពីខែមីនាថា Telegram ទំនងជាមានបំណងចុះបញ្ជីផ្សារហ៊ុននៅសហរដ្ឋអាមេរិកនៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕