(បរទេស)៖ កម្មវិធីផ្ញើសារ Telegram ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយលើពិភពលោក ហាក់ទទួលជោគជ័យខ្លាំង ខណៈអ្នកប្រើប្រាស់សកម្មប្រចាំខែមានចំនួនរហូតដល់ ១ពាន់លាននាក់ ក្នុងរយៈពេលមួយឆ្នាំពេញ ខណៈសន្ទុះ នៃការប្រើប្រាស់កម្មវិធីនេះ ត្រូវបាននាយកប្រតិបត្តិ Pavel Durov ចាត់ទុកថា ប្រៀបបាននឹង «ភ្លើងឆេះព្រៃ» ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

Telegram ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ត្រូវបានបង្កើតឡើងដោយបុរសជនជាតិរុស្សីលោក Durov ខណៈលោកបានចាកចេញពីប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤ បន្ទាប់ពីបដិសេធ មិនធ្វើតាមការទាមទារដើម្បីបិទសហគមន៍ប្រឆាំង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់លោកបានលក់ចេញហើយនោះ។ លោក Durov ម្ចាស់ Telegram បានប្រាប់អ្នកកាសែតអាមេរិក Tucker Carlson នៅក្នុងបទសម្ភាសន៍ជាវីដេអូមួយ ដែលបានបង្ហោះនៅលើគណនី X របស់ Carlson ថា «យើងប្រហែលនឹងឆ្លងផុតនូវចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ មួយពាន់លាននាក់ ក្នុងរយៈពេលពេញមួយឆ្នាំឥឡូវនេះ។ សន្ទុះនៃការប្រើប្រាស់ Telegram គឺកំពុងរីករាលដាលដូចភ្លើងឆេះព្រៃ»

Durov ដែលត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្ដី Forbes ថាមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារ បាននិយាយថា រដ្ឋាភិបាលមួយចំនួនបានព្យាយាមដាក់សម្ពាធលើរូបលោក ប៉ុន្តែកម្មវិធី Telegram ដែលឥលូវនេះមានអ្នកប្រើប្រាស់សកម្មជាង ៩០០លាននាក់ គួរតែនៅតែជា «វេទិកាអព្យាក្រឹត» និងមិនមែនជា «វេទិកា សម្រាប់ភូមិសាស្ត្រនយោបាយ» នោះទេ។

គូប្រជែងដ៏សំខាន់មួយរបស់ Telegram គឺ កម្មវិធី WhatsApp របស់ Meta មានអ្នកប្រើប្រាស់សកម្មប្រចាំខែច្រើនជាងពីរពាន់លាននាក់។ តាមកាសែត Financial Times បានរាយការណ៍កាលពីខែមីនាថា Telegram ទំនងជាមានបំណង ចុះបញ្ជីនៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។

គួរជម្រាបថា Telegram ដែលមានឥទ្ធិពលខ្លាំងនោះ ត្រូវបានគេចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយ បន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat៕