(ម៉ាឌ្រីដ)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រួមទាំង Arsenal របស់អង់គ្លេសដូចគ្នា បានជ្រុះចេញពីពាននេះត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្រុមមកពីកំពូលតារាង Premier League 2023-2024 គឺមេឃខៀវ Man City បានចាញ់ Real Madrid ក្នុងកីឡដ្ឋាន Etihad របស់ខ្លួនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយពេលប្រកួត ១២០នាទីមានលទ្ធផលស្មើគ្នា ១-១ ពីការធ្វើបានរបស់កីឡាករ Rodrygo នៅនាទី១២ មុនពេល Kevin de Bruyne រកបានគ្រាប់តាមស្មើសម្រាប់ Man City នៅនាទី៧៦ រហូតដល់ចប់ការប្រកួត ១២០នាទី ដ្បិតកាលជើងទី១ នៅទឹកដីអេស្ប៉ាញបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ដែលនាំឱ្យការទាត់បាល់ ១១ម៉ែត្រកើតមានឡើង បន្ទាប់ពី UEFA បានសម្រេចលុបចោលច្បាប់គ្រាប់បាល់ក្រៅដីរួចមក។

ជាលទ្ធផលក្រុមអធិរាជស Real Madrid ដែលដឹកនាំដោយបុរសសញ្ជាតិអ៊ីតាលី Carlo Ancelotti បានយកឈ្នះក្រុមរបស់លោក Pep Guardiola ក្នុងលទ្ធផល ៤-៣ តែម្តង ត្រូវទៅជួប Bayern Munich របស់អាល្លឹម៉ង់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតក្រុមខ្លារខិនបានយកឈ្នះកាំភ្លើងធំ Arsenal ១ទល់នឹង០ ដើម្បីបញ្ចប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនាយប់មិញនេះដែរ។

គួរកត់សម្គាល់ផងថា ៤ក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺមាន ៣ក្រុមដែលធ្លាប់ឈ្នះពាន UCL គ្រាដែល Real Madrid ធ្លាប់ឈ្នះដល់ទៅ ១៤លើកច្រើនជាងគេ និងគូប្រជែង Bayern Munich ធ្លាប់លើកបាន ៦លើក លើកលែងតែ Paris Saint-Germain ពុំធ្លាប់ឈ្នះនោះទេ បានត្រឹមរងជើងឯកម្តងកាលឆ្នាំ២០២០ នៅពេល Borussia Dortmund ធ្លាប់ឈ្នះ ១លើកកាលឆ្នាំ១៩៩៧ និងរងជើងឯកនៅឆ្នាំ២០១៣៕