(តូរីន)៖ ក្លិបយក្សរបស់អ៊ីតាលី Juventus ត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រមាណ ១០.៣៥លានដុល្លារទៅឱ្យអតីតកីឡាករ របស់ពួកគេគឺ Cristiano Ronaldo ដែលជាប្រាក់ជំពាក់នាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅចាំបានថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះ បានចំណាយពេលលេងឱ្យក្រុមសេះបង្កង់ Juventus ៣រដូវកាលផងដែរ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបអេស្ប៉ាញ Real Madrid នាអំឡុងខែសីហា ឆ្នាំ២០១៨។

ដោយថ្មីៗនេះដែរ តុលាការអ៊ីតាលីបានស្នើដល់ Juventus ក្នុងការសងប្រាក់ទៅ Ronaldo ដែលជាថ្លៃពលកម្មដែលពួកគេបានជំពាក់ដោយនៅសល់ ១០.៣៥លានដុល្លារទៀត ក្រោយពេលកីឡាករវ័យ ៣៩ឆ្នាំរូបនេះ ធ្លាប់បានបញ្ជាក់ថា អតីតក្លិបចាស់របស់គេនេះ នៅជំពាក់ប្រាក់គេចំនួន ១៧លានផោនទៀត និងនៅសល់ត្រឹមជាង ១០លានដុល្លារវិញ ក្រោយពេលព្រមព្រៀងកាត់ប្រាក់ពលកម្មខ្លះ ដោយសារក្លិបជួបវិបត្តិហិរញ្ញវត្ថុកាលពីអំឡុងកូវីដ-១៩ នាកាលឆ្នាំ២០២០-២០២១ និងការកាត់ពន្ធផងនោះ។

ក្នុងរយៈពេល ៣រដូវកាលលេងនៅប្រទេសអ៊ីតាលី Ronaldo បានជួយ Juventus ឈ្នះជើងឯកលីគកំពូល Serie A បាន ២លើក មុនពេលចាកចេញទៅចូលរួមជាលើកទី២ ក្នុងក្លិបអង់គ្លេស Manchester United ដែលលេងបានតែ ១៦ខែ មុនពេលផ្លាស់ទៅចូលរួមជាមួយ Al-Nassr ដល់បច្ចុប្បន្ននេះ៕