(ប៉ារីស)៖ នៅសល់រយៈពេលតែ ៩៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាចម្រុះ Summer Olympic Games នៅទីក្រុង ប៉ារីស ប្រទេសបារាំង នឹងចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជាការកត់សម្គាល់ ទីលានប្រកួតនីមួយៗគឺមានរយៈចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រតែប៉ុណ្ណោះពីកន្លែងស្នាក់នៅរបស់អត្តពលិកគ្រប់រូប (Olympic Village)។

Paris 2024 លើកទី៣៣ នឹងចាប់ផ្តើមសម្ពោធបើកជាផ្លូវការនៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដា ក្រោយពេលកីឡាមួយចំនួនបានចាប់ផ្តើម ២ថ្ងៃមុនមានដូចជា បាល់ទាត់ បាល់គប់ និងកីឡាបាញ់ធ្នូ។ ពិធីសម្ពោធនេះដែរ នឹងរៀបចំឡើងនៅតាមដងទន្លេ Seine ដែលជាលើកទី១ ផងដែរក្នុងប្រវត្តិសាស្រ្តអូឡាំពិក ដែលរៀបចំឡើងនៅក្រៅទីលានធំ នៅពេលកីឡដ្ឋានជាតិ Stade de France នឹងធ្វើជាទីកន្លែងបិទកម្មវិធីវិញ។

ចំនួនមេដាយមានដល់ទៅ ៣២៩មេដាយ ត្រៀមចែកជូនទាំង ៣២ប្រភេទកីឡាសរុបនៅ Paris 2024 នៅពេលប្រភេទកីឡាបាញ់កាំភ្លើង នឹងត្រូវបំពាក់មេដាយមុនគេ ពោលគឺនៅថ្ងៃទី២៧ ខែកក្កដា ហើយមេដាយចុងក្រោយនឹងបំពាក់នៅថ្ងៃទី១១ ខែសីហា ទៅលើប្រភេទកីឡាបាល់បោះ ផ្នែកនារី មុនពេលពិធីបិទធ្វើឡើងនៅពេលរាត្រីនាថ្ងៃដដែលនោះ៕