(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី២៧ ចុងសប្តាហ៍នេះសម្រាប់ជុំទី៣ ដោយមានគូពិសេសត្រូវជួបគ្នាផងដែរ រវាងក្រុមម្ចាស់ផ្ទះបឹងកេត ស្វាគមន៍ព្រះខ័នរាជស្វាយរៀងថ្ងៃសៅរ៍ ទី២០ ខែមេសា នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១៨៖០០នាទីល្ងាច។

បឹងកេត កាល​សប្តាហ៍ទី២៦ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យក្នុងលទ្ធផល ៣-២ ដែលបានឆ្លងកាត់២៦ប្រកួតមកនេះ ឃើញថា ឈ្នះ១១​ ស្មើ៧ និងចាញ់៨ ឈរនៅលេខ៤ ជាមួយនឹង ៤០ពិន្ទុ តាមពីក្រោយវិសាខាឈរនៅលេខ៣ និងមាន ៤១ពិន្ទុ។

ចំណែកឯស្វាយរៀងវិញ​ កាល​សប្តាហ៍ទី២៦ កន្លងទៅ​បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ៤-១​ កាលពីថ្ងៃសៅរ៍ ទី០៦ ខែមេសា។ ស្វាយរៀងលេងបាន ២៦ប្រកួតដូចគ្នា ដោយឈ្នះ២២ ស្មើ២ និងចាញ់២ កំពុងឈរនៅកំពូលតារាង ដោយមាន ៦៨ពិន្ទុលើសគេ គ្រាដែលភ្នំពេញក្រោន ឈរលេខ២ ដោយមាន ៦១ពិន្ទុុ។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១០
ការប្រកួតនៅថ្ងៃសៅរ៍ ទី២០​​ ខែមេសា រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
២៖ បឹងកេត Vs ស្វាយរៀង។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី២១ ខែមេសារួមមាន៖
១៖ អង្គរថាយហ្គឺរ Vs ណាហ្គា
២៖ ព្រៃវែង Vs​ វិសាខា
៣៖ កងយោធពលខេមរភូមិន្ទ​ Vs ISI​ ដង្កោសែនជ័យ៕