(តូក្យូ)៖ អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន Makoto Hasebe នឹងចូលនិវត្តន៍ នៅពេលចប់រដូវកាលនេះ។ នេះបើតាមសម្តីខ្សែការពាររូបនេះ ដែលកំពុងលេងឱ្យក្លិបអាល្លឺម៉ង់ Eintracht Frankfurt ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

Hasebe ធ្លាប់បានបង្ហាញខ្លួន ១១៤លើក សម្រាប់ក្រុមជម្រើសជាតិជប៉ុន នឹងមាន ៣លើកលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយបានរួមចំណែកជួយក្រុម ដណ្តើមបានពានរង្វាន់ Asian Cup ក្នុងឆ្នាំ២០១១ ផងដែរ ហើយរូបគេបានប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីក្រុមជប៉ុន បន្ទាប់ពីក្រុមបានឈានដល់វគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup ក្នុងប្រទេសរុស្ស៊ី។

Hasebe បានលេងនៅក្លិប Frankfurt អស់រយៈពេល ១០រដូវកាលមកហើយ និងបានបង្ហាញខ្លួនជាង ៣០០លើក ដោយបានឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ២០២២ និង German Cup ក្នុងឆ្នាំ២០១៨ ក៏ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ជាមួយក្លិប VfL Wolfsburg ក្នុងឆ្នាំ២០០៩ ផងដែរ។

កីឡាករមានវ័យ ៤០ឆ្នាំ Hasebe បានបញ្ជាក់ថា លោកនឹងចូលរួមជាមួយសាលាបាល់ទាត់របស់ក្លិប Frankfurt ក្នុងការងារជាគ្រូបង្វឹក បន្ទាប់ពីការចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់៕