(អឺរ៉ុប)៖ នៅពេលនេះការប្រកួតប្រជែងវគ្គ ៤ក្រុមពានលំដាប់ទី២ អឺរ៉ុប Europa League 2023-24 បានរកឃើញអស់ហើយ ដោយមិនមានក្រុមមកពីលីគអង់គ្លេសសូម្បីតែមួយក្រុមនោះទេ បន្ទាប់ពីក្រុម Liverpool និង West Ham United បន្តលេងចាញ់នៅប្រកួតវគ្គ ៨ក្រុមដូចគ្នានាយប់មិញនេះ។

Mohamed Salah រកបាន ១គ្រាប់ត្រឹមការចាប់ផ្តើមលេងបាន ៧នាទីឱ្យ Liverpool ដោយមិនមានគ្រាប់កើតមានបន្តនោះទេ ធ្វើឱក្យក្រុមបាត់បង់ក្តីសង្ឃឹមក្នុងការរកកៅអីឡើងវគ្គ ៤ក្រុមបន្តទៀត ទោះជាជ័យជម្នះជើងទី២ វគ្គ ៨ក្រុមក៏ដោយ តែសរុបលទ្ធផលការលេងទាំងពីរជើង ជាមួយក្រុមអ៉ីតាលី Atalanta គឺចាញ់ ៣-១ ខណៈដែលក្លិប West Ham យកបានត្រឹម ១-១ ក្នុងជើងទី២នេះ ជាមួយក្លិប Bayer Leverkusen ដែលសរុបជារួម ៣-១ ផងដែរ។

ក្នុងនោះក្រុមមកពីលីគបារាំង Marseille ដែលឡើងមកជួបក្រុម Atalanta បានយកឈ្នះក្រុម Benfica នៅជើងទី២ ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-២ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ២-២ ក្នុងការលេង ១២០នាទី ដោយឡែកជំនួបក្រុមមកពីលីគដូចគ្នា Roma បានយកឈ្នះ AC Milan ៣-១ សរុបទាំងពីរជើង ដែលជើងទី២ បន្តយកឈ្នះ ២-១ ទៀត។

បញ្ជាក់ផងថា សម្រាប់ការប្រកួតវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ Europa League ដែលជាពានក្របខណ្ឌលីគទី២ អឺរ៉ុប គ្រោងចាប់ផ្តើមលេងជើងទី១ នៅថ្ងៃទី០២ ខែឧសភា ហើយប្រកួតជើងទី២ នឹងលេងនៅថ្ងៃទី០៩ ខែដដែលឆ្នាំ២០២៤៕