(បរទេស)៖ នៅថ្ងៃសុក្រនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple បានដកកម្មវិធីបុត្រសម្ព័ន្ធរបស់ Meta Platform រួមមាន WhatsApp និង Threads ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិត iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅ Reuters ថា «រដ្ឋបាល Cyberspace របស់ប្រទេសចិន បានបញ្ជាឱ្យដកកម្មវិធីទាំងនេះចេញពីហាងកម្មវិធីរបស់ប្រទេសចិន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ»។ Apple គូសបញ្ជាក់ថា «យើងមានកាតព្វកិច្ចអនុវត្តទៅតាមច្បាប់ក្នុងប្រទេស ដែលយើងធ្វើប្រតិបត្តិការ បើទោះបីជាយើងមិនយល់ស្របក៏ដោយ»

បើយោងតាមការឱ្យដឹងបន្ថែមពី Apple កម្មវិធីទាំងពីររបស់ Meta Platform នេះនឹងនៅតែអាចស្វែងរកបាននៅលើហាងកម្មវិធីផ្សេងទៀតដូចជា Android ជាដើម ខណៈការហាមប្រាមពីរដ្ឋាភិបាលចិននេះមានតែលើ App Store នៃប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple តែប៉ុណ្ណោះ៕