(ក្រុងឡុងដ៍)៖ Aston Villa ដែលកំពុងឈរនៅលេខ៤ ក្នុងលីគ Premier League បានក្លាយជាក្រុមអង់គ្លេសតែមួយគត់បានឡើងទៅវគ្គ ៤ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Europa Conference League 2023-2024 បន្ទាប់ពីយកឈ្នះគូប្រជែង Lille របស់បារាំងដោយបាល់ ១១ម៉ែត្រកាត់នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ពួកគេបានក្លាយជាក្រុមតែ ១គត់របស់អង់គ្លេសដែលបានឆ្លងចូលវគ្គជ្រៅជាងគេនារដូវកាលនេះ ដ្បិតក្រុមខ្លាំងៗមានដូចជា Liverpool និង West Ham United ហាលអាវពី Europa League ហើយ Arsenal និងក្រុមការពារតំណែងជើងឯក Manchester City បានជ្រុះចេញពី Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចៗគ្នា។

Aston បានលេងចាញ់ម្ចាស់ផ្ទះ Lille ២-១ ក្នុងរយៈពេល ១២០នាទី ក្នុងការលេងបញ្ចប់ជើងទី២ នៃពានរង្វាន់លំដាប់ទី៣ អឺរ៉ុប ដែលមានលទ្ធផលស្មើគ្នា ៣-៣ ទាំង ២ជើង ដែលញាំងឱ្យការសម្រេចកាត់សេចក្តីដោយបាល់ប៉េណាល់ទីកើតមានឡើង ដ្បិតក្រុមរបស់លោក Unai Emery ទាត់ចូល ៤គ្រាប់ និង Lille ទាត់ចូលតែ ៣គ្រាប់។

នេះក៏ជាលើកទី១ ផងដែរសម្រាប់ Aston Villa ដែលបានឈានចូលវគ្គ ៤ក្រុមពានធំកម្រិតអឺរ៉ុប គិតចាប់តាំងពីឆ្នាំ១៩៨២ ដែលត្រូវប៉ះ Olympiacos មកពីលីគកំពូលក្រិក គ្រាដែល Fiorentina ជួប Club Brugge ដោយជើងទី១ ប្រកួតនៅថ្ងៃទី០២ ខែឧសភា មុនពេលជើងទី២ ធ្វើនៅថ្ងៃទី០៩ នៃដដែលឆ្នាំ២០២៤៕