(បរទេស)៖ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple និង Nvidia បានប៉ាន់ប្រមាណថា ខ្លួននឹងខាតបង់ប្រាក់ចំនួន ៩២.៤៤លានដុល្លារ ដោយសារតែការរញ្ជួយដីដែលបានវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃទី០៣ ខែមេសា កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជា ការរញ្ជួយដីដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ២៥ឆ្នាំ ដែលបានបណ្តាលឱ្យមានការខាតបង់ជាច្រើន ដោយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស TSMC បានធ្វើការព្យាករណ៍ថា វានឹងនាំមកនូវការធ្លាក់ចុះ ៥០ចំណុចមូលដ្ឋានដល់ប្រាក់ចំណេញសរុបនៅក្នុងត្រីមាសទី២ របស់ខ្លួន។ នេះបើយោងតាមឯកសាររបស់ TSMC ទៅកាន់ទីផ្សារហ៊ុនតៃវ៉ាន់។

TSMC គូសបញ្ជាក់ថា ថ្វីបើមានការខាតបង់ទាំងនេះក៏ដោយ ក៏ Fabs របស់ TSMC មិនជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី ឬការខូចខាតរចនាសម្ព័ន្ធទេ ហើយឧបករណ៍សំខាន់ៗដូចជាម៉ាស៊ីន EUV ក៏មិនមានផលប៉ះពាល់ផងដែរ។

គួរជម្រាបដែរថា ការរញ្ជួយដីនៅតៃវ៉ាន់នាពេលថ្មីៗនេះ មានកម្រិត ៧.៤រ៉ិចទ័រ ហើយពេលនេះក្រុមហ៊ុន TSMC កំពុងតែដាក់ពង្រាយធនធានដែលមានទាំងអស់ ដើម្បីធានាបាននូវការស្តារឡើងវិញពេញលេញ៕