(ឡុងដ៍)៖ ក្លិប Everton កំពុងរងនូវបញ្ហាលំបាក ក្នុងការបន្តលេងនៅលីគ Premier League បន្ទាប់ពីខ្សែការពារ Nathan Patterson ត្រូវអវត្តមានពីសកម្មភាព រហូតចប់រដូវកាលនេះដោយសារបួសសរសៃពួរ, នេះបើតាមសម្តីអ្នកចាត់ការ Sean Dyche ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ខ្សែការពារ Nathan Patterson នឹងត្រូវធ្វើការវះកាត់ បន្ទាប់ពីរងរបួសសរសៃពួរ អំឡុងពេលប្រកួតចាញ់ក្លិប Chelsea ហើយបញ្ហារបួសនេះមានន័យថា ខ្សែការពារស្តាំវ័យ ២២ឆ្នាំរូបនេះ កំពុងស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់យុទ្ធនាការ Euro 2024 លេងឱ្យក្រុមជម្រើសជាតិស្កុតឡេន ក្នុងខែមិថុនាខាងមុខនោះផងដែរ។

ក្លិប Everton កំពុងឈរនៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ២៧ពិន្ទុបណ្តោះអាសន្ន និងមានតែ ២ពិន្ទុពីលើតំបន់កាត់ចោលប៉ុណ្ណោះ ក្លិបបានរងការកាត់បន្ថយ ៨ពិន្ទុ ក្នុងយុទ្ធនាការនេះ ពីបទបំពានច្បាប់ចំណាយរបស់លីគ ចំនួន ២លើក។

អ្នកចាត់ការលោក Dyche លើកឡើងថា «លោករំពឹងថា កីឡាករ ៣នាក់ផ្សេងទៀត ដែលរងរបួស ក្នុងនោះមាន Jarrad Branthwaite, Dominic Calvert-Lewin និងកីឡាករ Idrissa Gana Gueye នឹងអាចចូលប្រកួតវិញបាន នៅពេលដែលក្លិប Everton ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្លិបចំណាត់ថ្នាក់ទី១៧ Nottingham Forest នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕