(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ៤ស្មើទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរកឃើញបេក្ខភាពជុំផ្ដាច់ព្រ័ត្រហើយ ក្រោយដំណើរការប្រកួតជម្រុះតាមភូមិភាគជាង ១ខែ ប្រកបដោយភាពរលូន និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់កីឡាករ ក៏ដូចជាអ្នកសេ្នហាវិស័យកីឡាបាល់ទះជាតិ និងអន្ដរជាតិ ។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២២-២៨ ខែមេសាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន ១៥ក្រុមចូលរួម ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចាប់ពូលប្រកួតជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែមេសានេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំពានបាល់ទះ ៤ស្មើទ្រង់ទ្រាយធំលើកដំបូងនៅកម្ពុជា មានក្រុមចូលរួមរហូតដល់ ៥២ក្រុម ក្នុងចំណោមភូមិភាគទាំង ៥ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការស្រលាញ់ គាំទ្រ និងលេងកីឡាបាល់ទះកម្ពុជាយ៉ាងផុសផុល រហូតមានសារព័ត៌មានអន្ដរជាតិចុះផ្សាយថែមទៀត ។ នេះគឺជាភាពរីកចម្រើនមួយកម្រិតទៀត នៃវិស័យបាល់ទះកម្ពុជា ។

បន្ទាប់ពីយុទ្ធនាការប្រកួតដណ្ដើមពានបាល់ទះ ៤ស្មើនេះ បានធ្វើឲ្យសហព័ន្ធទទួលបាននូវផលចំណេញច្រើន ក្រៅពីការផ្សព្វផ្សាយពីលេងបាល់ទះតាមស្ដង់ដារ គឺបានផ្ដល់ឱកាសឲ្យយុវជនតាមបណ្ដាលខេត្តនានា បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ផ្ទុយពីមុនដែលការប្រកួតច្រើនរៀបចំនៅតែរាជធានីភ្នំពេញ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងចំណោមកីឡាករចូលរួមទាំងអស់ ភាគច្រើនជាយុវជន និងសិស្សវិទ្យាល័យ ដែលមានសមត្ថភាពខ្ពស់ ។ នេះគឺជាវេទិកាមួយដ៏ល្អ សម្រាប់សហព័ន្ធស្វែងរកធនធានយុវជនបន្ដវេនផងដែរ ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ថែមថា ព្រឹត្តិការណ៍ខាងលើ បានចំណាយថវិកាប្រមាណ ២៨៦លានរៀល ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនដៃគូ និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ ក្នុងនោះគ្រប់ក្រុមចូលរួមសុទ្ធតែទទួលបានថវិកា ១លានរៀលមុនការប្រកួត ។ ចំណែកប្រាក់រង្វាន់ជយលាភី សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រនាសប្ដាហ៍ក្រោយវិញ ក្រុមជើងឯក នឹងទទួលបាន ៥០លានរៀល, លេខ២ ទទួលបាន ២០លានរៀល និងលេខ៣ ទទួលបាន ១២លានរៀល ។

គួរដឹងថា ក្នុងចំណោមបេក្ខភាព ១៥ក្រុម ដែលត្រៀមការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 គឺមាន ១០ក្រុម ជាបេក្ខភាពលេខ១ និងលេខ២ នៃការប្រកួតជម្រុះភូមិភាគទាំង ៥ ខណៈ ៥ក្រុមទៀត ជាបេក្ខភាពលេខ២ ដល់លេខ៦ នៃព្រឹត្តិការណ៍បាល់ទះ តេជោលីគ ឆ្នាំ២០២៣/២៤ ។ ក្នុងនោះគណៈកម្មការបានបែងចែកជា ៤ពូល ក្នុងនោះមួយពូលមាន ៤ក្រុម លើកលែងពូល D ដែលមានត្រឹម ៣ក្រុម ដើម្បីធ្វើការប្រកួតជម្រុះរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក នាថ្ងៃទី២៨-មេសា ។

ចំពោះលទ្ធផលចាប់ពូលខាងលើ ពូលA មានក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, កងពលធំអន្ដរាគមន៍លេខ៣(B), ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ពូលB មានក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ(B) និងក្រុមវិសាខា(A) ។ ពូលC មានក្រសួងមហាផ្ទៃ(A), បុរីឈ្នះឈ្នះ, កងពលធំអន្ដរាគមន៍លេខ៣(A) និងក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងពូលD មានក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ(A), ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងក្លិបបាល់ទះបាត់ដំបង ៕