(ភ្នំពេញ)៖ លោក Jose Ariston Padre Caslib ក្រុមប្រឹក្សាយោបល់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាពីកម្មវិធីផ្សេងៗរបស់ FIFA ជាមួយថ្នាក់ដឹកនាំ និងបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។

ក្នុងជំនួបជាមួយលោក Ichikawa Shigeaki ជានាយកបច្ចេកទេសថ្មី FFC លោក Jose Ariston Padre Caslib បានសង្កត់ធ្ងន់លើប្រធានបទ នៃការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ជាពិសេសការអភិវឌ្ឍទេពកោសល្យរបស់កីឡាករ ចាប់ពីកម្រិតយុវជន រហូតដល់ជម្រើសជាតិផ្នែកបុរស និងផ្នែកនារីផងដែរ។

បន្ទាប់ពីជួបពិភាក្សាជាមួយមន្ដ្រីបច្ចេកទេស FFC ហើយនោះ លោក Jose Ariston Padre Caslib ក៏ត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕