(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងនឹងព្យាយាមពិនិត្យឲ្យបានជាក់លាស់រាល់សិស្ស-និស្សិត ដែលជាកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ខណៈនិស្សិតគ្មានអត្តសញ្ញាណច្បាស់លាស់ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងការអភិវឌ្ឍវិស័យកីឡាជាតិផង។

ការគូសបញ្ជាក់នេះ បន្ទាប់ពីរដ្ឋលេខាធិការទទួលបន្ទុកជំនាញខាងលើ បានកោះប្រជុំជាមួយមន្ដ្រី និងតំណាងសហព័ន្ធកីឡាជាតិនាថ្ងៃទី២០ ខែមេសាម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំនេះ នឹងត្រូវពិនិត្យលម្អិតអំពីអត្តសញ្ញាណម្នាក់ៗ ដែលកំពុងសិក្សាតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថាននានា តែបើរកឃើញថា មិនត្រឹមត្រូវតាមលក្ខខណ្ឌទេ គឺមិនអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដើម្បីចៀសវាងជម្លោះនានា ពិសេសដើម្បីឈានទៅរកការលុបបំបាត់បញ្ហាទាំងអស់នេះ។

លោកបន្ដថា ការប្រកួតនេះរៀបចំឡើង ក្នុងគោលបំណងបំផុសចលនានិស្សិតចូលរួមលេងកីឡាឲ្យបានមួយមុខ ឬច្រើនមុខប្រចាំជីវិត ដើម្បីគុណភាពជីវិត ពិសេសបង្កើតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព។ ម្យ៉ាងតាមរយៈព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ក៏ជាផលចំណេញសម្រាប់សហព័ន្ធកីឡាជាតិ ក្នុងការស្វែងរកធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យ ចូលរួមជាមួយក្រុមជម្រើសជាតិផងដែរ។

ដោយហេតុនេះ លោកបានអំពាវនាវដល់គណៈគ្រប់គ្រងតាមបណ្តាសកលវិទ្យាល័យ និងវិទ្យាស្ថានទូទាំងរាជធានី-ខេត្ត រួសរាន់ចុះឈ្មោះចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ និងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។

គួរដឹងថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កីឡា ១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ ITF កីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាសីដក់ និងកីឡាគុនដាវ៕