(ភ្នំពេញ)៖ នៅទូទាំងសកលលោក កុមារត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាខ្លាំង ដោយហេតុថា ពួកគាត់ជាគ្រាប់ពូជដែលត្រូវការអ្នកថែទាំ អប់រំ និងទូន្មាន ដើម្បីអាចប្រែក្លាយទៅជាគ្រាប់ពូជលូតលាស់ដោយល្អ និងមានអត្ថប្រយោជន៍ ឈានទៅរកភាពជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ និងពិភពលោក ។ លើសពីនេះទៅទៀត ពួកគាត់ត្រូវបានសកលលោកចែងច្បាប់ដោយឡែកដែលកំណត់អំពីសិទ្ធិ និងលក្ខខណ្ឌផ្សេងៗ ក្នុងគោលបំណងដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ ផ្សេងៗដែលពួកគាត់ត្រូវទទួលបានដោយស្មើភាព និងមិនមានការប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ ។

នៅកម្ពុជាក៏មិនខុសពីប្រទេសដទៃនៅក្នុងសកលលោកដែរ ពោលគឺកុមារ ឬអនីតិជន (ជនដែលមានអាយុក្រោម ១៨ឆ្នាំ) ត្រូវបានច្បាប់ការពារអំពីសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់ ដែលសិទ្ធិនោះមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ។ អាចមានករណីមួយចំនួនដោយសារតែមានអ្នកប្រព្រឹត្តខុសច្បាប់ បានប្រើប្រាស់អនីតិជនជាឧបករណ៍សម្រាប់ការប្រព្រឹត្តបទល្មើសផ្សេងៗ ឬក៏អនីតិជនខ្លួនឯងដែលមានឆន្ទៈក្នុងការប្រព្រឹត្តបទល្មើស រហូតនាំឱ្យមានការឃាត់ខ្លួន ឬឃុំខ្លួនពីសមត្ថកិច្ច ឬមានការសម្រេចពីតុលាការជាដើម ដែលរូបភាពទាំងអស់នេះនាំឱ្យមានការលើកឡើងអំពីសិទ្ធិរបស់អនីតិជន ឬលក្ខខណ្ឌដែលគួរតែត្រូវបានលើកលែង ឬមានការអនុគ្រោះ ព្រោះអនីតិជនមួយចំនួនទទួលរងនូវការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ឬមានការគំរាមកំហែងជាដើម ដែលជាហេតុនាំឱ្យមានការបញ្ញត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជន រួមទាំងមានការបញ្ញត្តិដទៃទៀតនៅក្នុងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទបញ្ញត្តិផ្សេងៗទៀតពាក់ព័ន្ធនឹងអនីតិជនក្នុងគោលបំណងដើម្បីធានាការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជន ។

តើគោលការណ៍ ឬលក្ខខណ្ឌសិទ្ធិណាខ្លះ ដែលអនីតិជនត្រូវបានការពារនៅពេលមានបទល្មើសព្រហ្មទណ្ឌ?

សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី «គោលការណ៍ និងសិទ្ធិជាមូលដ្ឋានរបស់អនីតិជនក្នុងរឿងព្រហ្មទណ្ឌ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ដូចតទៅ។

នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌមួយកើតឡើងដែលប្រព្រឹត្តដោយរូបវន្តបុគ្គល នោះប្រាកដជាមានអ្នកទទួលខុសត្រូវដែលអាចជានីតិជន ឬអនីតិជន ។ យើងដឹងស្រាប់ហើយថាអនីតិជន គឺសំដៅទៅដល់ជនដែលមានអាយុក្រោម ១៨ឆ្នាំ វ័យនេះ គឺជាវ័យដែលត្រូវទទួលបានការអប់រំ ទូន្មាន ណែនាំផ្សេងៗដើម្បីឱ្យក្លាយជាធនធានមនុស្សក្នុងសង្គម ប៉ុន្តែក៏មានអនីតិជនមួយចំនួនដែលរស់នៅក្នុងមជ្ឈដ្ឋានមិនល្អ ហើយទទួលឥទ្ធិពលអាក្រក់ឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ។ ប៉ុន្តែដោយហេតុថា អនីតិជន ជាជនទន់ខ្សោយ ទើបមានច្បាប់ពិសេសចែងដាច់ដោយឡែក គឺច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានបញ្ញត្តិទៅគ្រប់អ្នកដែលបំពេញមុខងារពាក់ព័ន្ធនឹងអនីតិជន ត្រូវគោរពគោលការណ៍ដែលជាមូលដ្ឋានរបស់
អនីតិជនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដូចជា ការអនុវត្តតាមនីតិវិធីកុមារមេត្រី គឺជាការលើកទឹកចិត្តឱ្យអនីតិជនចូលរួមក្នុងនីតិវិធីតាមរយៈការប្រើប្រាស់ភាសា អាកប្បកិរិយាក្នុងកម្រិតដែលអនីតិជនអាចយល់បាន និងក្នុងបរិយាកាសដែលផ្តល់ឱ្យអនីតិជននូវសុវត្ថិភាព សន្តិសុខ និងសិទ្ធិ ។

ការមិនប្រើប្រាស់ខ្នោះ និងឧបករណ៍ផ្សេងៗទៀត ដែលប៉ះពាល់ដល់រូបរាងកាយ លើកលែងតែក្នុងករណីចំបាច់បំផុតប៉ុណ្ណោះ ការមិនប្រើប្រាស់ទារុណកម្ម ទណ្ឌកម្ម ឬការប្រព្រឹត្តទៅឃោរឃៅ អមនុស្សធម៌ និងតាមគ្រប់រូបភាពទៅលើអនីតិជន ជាពិសេសតាមផ្លូវចិត្ត ។ ជាងនេះទៅទៀតការហាមមិនឱ្យបញ្ចេញ ឬផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងសកម្មភាព ឬបង្ហាញនូវអត្តសញ្ញាណរបស់អនីតិជនក្នុងរឿងក្តីព្រហ្មទណ្ឌ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីផលប្រយោជន៍សាធារណៈប៉ុណ្ណោះ ប៉ុន្តែក៏មិនត្រូវបង្ហាញអត្តសញ្ញាណដែរ ។
​គ្រប់អនីតិជនដែលជាជនសង្ស័យ ឬជនត្រូវចោទ ឬជនជាប់ចោទ ដែលបានប្រព្រឹត្តបទល្មើស គឺដាច់ខាតត្រូវទទួលបានសិទ្ធិដែលជាមូលដ្ឋានមួយចំនួនក្នុងនីតិវិធីដូចជា៖