(បារីស)៖ ក្រុម Paris Saint Germain បានរំកិលខ្លួនកាន់តែជិតចំណុចលើកពានរង្វាន់លីគបារាំង Ligue 1 រដូវកាលនេះហើយ និងជាការពារតំណែងជើងឯក ក្រោយបន្តយកឈ្នះក្រុម Lyon ៤-១ ក្នុងជំនួបសប្តាហ៍ទី២៩ ប្រចាំលីគដែលពេលនេះពួកគេមាន ៦៦ពិន្ទុក្នុងដៃ ស្ថិតក្រោមការដឹកនាំដោយលោក Luis Enrique ។

នេះមានន័យថា ក្រុម PSG និងអាចឈានទៅកាន់កាប់តំណែងជើងឯកបាន ប្រសិនពួកគេនៅតែបន្តរកបានជ័យជម្នះនៅ ៥ប្រកួតទៀតដែលនៅសល់ ខណៈកំពុងនាំមុខដាច់ ១១ពិន្ទុ ពីក្រុមគូប្រជែងកំពុងឈរលេខ២ Monaco មានតែ ៥៥ពិន្ទុប៉ុណ្ណោះ ជាមួយនឹងក្រុមលេខ៣ Brest ឆ្លងកាត់ ៣០ប្រកួតរកបាន ៥៣ពិន្ទុ និងក្រុម Lille ឈរលេខ៤ រកបាន ៥២ពិន្ទុបណ្តោះអាសន្ន។

៤គ្រាប់របស់ក្រុម PSG កើតឡើងដោយការស៊ុតនបានសម្រេចដោយកីឡាករ Lopes Beraldo និង Goncalo Ramos ធ្វើបាន ២គ្រាប់ម្នាក់ឯងនៅនាទី៣២ និង៤២ ជាមួយគ្រាប់ចំណេញ ១គ្រាប់ពីការធ្វើឱ្យចូលទីខ្លូនពីសំណាក់កូនក្រុម Lyon កីឡាករ Nemanja Matic និង ១គ្រាប់របស់ Lyon ធ្វើបានដោយកីឡាករ Nuamah នៅនាទី៣៧ ដ្បិតខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានត្រឹមអង្គុយកៅអីបម្រុង។

ដូច្នេះប្រសិនជាក្រុមដឹកនាំដោយលោក Luis Enrique រកបានការឈ្នះលើក្រុម Lorient ដែលកំពុងឈរបាតតារាងនៅថ្ងៃពុធ ហើយក្រុម Monaco បែរជាបរាជ័យនៅការលេងប៉ះក្រុម Lille នៅប្រកួតបន្ទាប់នោះ មានន័យថាក្រុម PSG នឹងក្លាយជាម្ចាស់ជើងឯកបារាំងជាលើកទី១២ ក្នុងប្រវត្តិសាស្ត្រប្រចាំក្លិប និងលីគបារាំង៕