(ក្រុងឡុងដ៍)៖ បិសាចក្រហម Manchester United បានឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងពានលំដាប់ទី២ អង់គ្លេស FA Cup 2023-2024 ទល់នឹងក្រុមការពារតំណែងជើងឯក Manchester City ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះគឺជាជំនួប Derby រវាងក្រុមដែលស្ថិតក្នុងទីក្រុង Manchester តែមួយរបស់អង់គ្លេស និងជាលើកទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្ត FA Cup ដែលក្រុមទាំងពីរបានឡើងមកជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ២រដូវកាលជាប់ៗគ្នា ក្រោយពេល Blackburn Rovers យកឈ្នះ Queen Park នៅកីឡដ្ឋាន Kennington Oval ក្នុងឆ្នាំ១៨៨៤ និងឆ្នាំ១៨៨៥។

Man Utd ដែលកំពុងឈរនៅលេខរៀងទី៧ ក្នុងលីគ Premier League ជាមួយនឹង ៥០ពិន្ទុផងនោះ បានទម្លាក់ Coventry ក្រុមមកពីក្របខណ្ឌទី២ Championship ដោយបាល់ ១១ម៉ែត្រសេចក្តី នៅពេលប្រកួត ១២០នាទីស្មើគ្នា ៣-៣ ក្នុងកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ដ្បិតកីឡាករ Scott McTominay, Harry Maguire និង Bruno Fernandes បានរួមចំណែករកបានម្នាក់ ១គ្រាប់ ដើម្បីនាំមុខគូប្រជែង Coventry ៣គ្រាប់មុនផងដែរ គិតត្រឹមនាទី៥៨ មក។

ចំណែកឯម្ចាស់ជើងឯករដូវកាលមុន មេឃខៀវ Man City វិញ បានទម្លាក់តោខៀវ Chelsea ត្រឹមលទ្ធផល ១-០ កាលពីរាត្រីថ្ងៃសៅរ៍ ពីការធ្វើបានសម្រេចដោយកីឡាករអន្តរជាតិព័រទុយហ្គាល់ Bernado Silva នៅកីឡដ្ឋាន Wembley ដូចគ្នា ដែលពួកគេទើបតែហាលអាវពី UEFA Champion League ត្រឹមវគ្គ ៨ក្រុមក្រោមស្នាដៃរបស់ Real Madrid អស់ឱកាសប្រជែងយកពាន៣ ក្នុងរដូវកាលនេះ៕