(បរទេស)៖ Tesla ប្រកាសកាត់បន្ថយតម្លៃរថយន្តនៅក្នុងទីផ្សារធំៗមួយចំនួនរបស់ខ្លួន រួមទាំងប្រទេសចិន និងអាឡឺម៉ង់ បន្ទាប់ពីបញ្ចុះតម្លៃនៅសហរដ្ឋអាមេរិក ដោយសារក្រុមហ៊ុននេះ កំពុងប្រឈមនឹងការធ្លាក់ចុះចំនួនលក់ ស្របពេលមានសង្រ្គាមតម្លៃកាន់តែខ្លាំងក្លាកំពុងកើនឡើង ជាមួយដៃគូប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ការកាត់បន្ថយតម្លៃនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Tesla ដែលដឹកនាំដោយនាយកប្រតិបត្តិ Elon Musk បានរាយការណ៍ក្នុងខែនេះ ថាការចែកចាយរថយន្តទូទាំងពិភពលោករ នៅក្នុងត្រីមាសទី១ បានធ្លាក់ចុះ ដែលវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ។ Elon Musk បានបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យថា តម្លៃ Tesla ត្រូវតែផ្លាស់ប្តូរជាញឹកញាប់ ដើម្បីឲ្យស្របនឹងផលិតកម្ម។ ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃ Model 3 ក្នុងប្រទេសចិន ដែលពេលមុនបញ្ចុះ ១,៩៣០ដុល្លារ ហើយពេលនេះបញ្ចុះរហុតដល់ ៣២,០០០ដុល្លារ។ នៅប្រទេសអាឡឺម៉ង់ តម្លៃនៃរថយន្ត Model 3 ត្រូវបានកាត់បន្ថយមកត្រឹម ៤០,៩៩០ អឺរ៉ូ ខណៈតម្លៃដើម ៤២,៩៩០អឺរ៉ូ។ អ្នកនាំពាក្យក្រុមហ៊ុន Tesla បាននិយាយថា នឹងមានការកាត់បន្ថយតម្លៃ ក្នុងប្រទេសជាច្រើនទៀតនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។

Tesla ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវក្នុងការកែលម្អម៉ូដែលចាស់ៗរបស់ខ្លួន ដោយសារអត្រាការប្រាក់ខ្ពស់ ដែលបានបង្អាក់ចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ជាពិសេសចំពោះការចំណាយលើទំនិញដែលមានតម្លៃថ្លៃៗ ខណៈដែលគូប្រជែងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេលើពិភពលោក កំពុងបញ្ចេញម៉ូដែលថោកៗជាច្រើន។

ស្របពេលមានបញ្ហាការលក់ធ្លាក់ចុះ រហូតសម្រេចបញ្ឈប់បុគ្គលិក១០% នៃកម្លាំងពលកម្មសរុបទូទាំងពិសេសលោកផងនោះ លោក Elon Musk ក៏ត្រូវបានរាយការណ៍មកថា ទើបតែពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដែលក្នុងដំណើរលើកនេះ លោកត្រូវគេរំពឹងថា នឹងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីពិភាក្សាពីកាតព្វកិច្ចរបស់ក្រុមហ៊ុន Tesla នៅទីនោះ។ Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការធ្វើដំណើរនេះ គឺដើម្បីរួមបញ្ចូលការប្រកាសអំពីផែនការសម្រាប់ក្រុមហ៊ុន Tesla ដើម្បីចូលទៅក្នុងទីផ្សារអាស៊ីខាងត្បូងមួយនេះ៕