(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនប្រតិភូកីឡា អាជ្ញាកណ្ដាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៣៩នាក់ ចូលរួមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នាទីក្រុងបាងកក ប្រទេសថៃ នាចុងសប្ដាហ៍នេះ ។

មុនចាកចេញពីមាតុភូមិចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅល្ងាចថ្ងៃទី២១ ខែមេសា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិកាសហព័ន្ធ ជួបសំណេះសំណាល និងផ្ដាំផ្ញើដល់ប្រតិភូ និងអត្តពលិកទាំងអស់ ក្នុងការត្រៀមលក្ខណៈ ទាំងបច្ចេកទេស និងស្មារតី ដើម្បីត្រៀមប្រកួតប្រជែង ដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ ក៏ដូចជាតបស្នងសងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ។

អគ្គលេខាធិការដដែលបន្ដថា ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ សម្រាប់កីឡាការ៉ាតេ ចាត់ទុកជាសំណាងមួយដែលមានឱកាសចេញទៅប្រកួតក្រៅប្រទេស ដ្បិតឆ្នាំ២០២៤ គឺជាឆ្នាំយុទ្ធសាស្រ្ត ដើម្បីពង្រឹងការហ្វឹកហាត់ ក្នុងន័យសម្រួចសមត្ថភាព និងបច្ចេកទេសឲ្យបានកាន់តែមុតស្រួច ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម លើកទី៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៥ ខាងមុខ ។

ឆ្លៀតឱកាសនោះ លោកបានផ្តល់អនុសាស្រ្តណែនាំបន្ថែមដល់គ្រូបង្វឹក ត្រូវយកចិត្តទុកដាក់រៀបចំពេលវេលាហ្វឹកហាត់ឲ្យបានច្បាស់លាស់ បន្ទាប់ពីទៅដល់កន្លែងប្រកួតត្រូវរៀបចំផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឲ្យកីឡាករ-កីឡាការិនី មានកម្លាំងចិត្ត-កម្លាំងកាយមាំមួន។ អ្វីដែលពិសេស ការឈ្នះគឺឈ្នះដោយកិត្តិយស ហើយបើចាញ់ ក៏ក្នុងន័យមួយ ដែលបានបញ្ចេញអស់សមត្ថភាព។ ចំពោះកីឡាករកីឡាការិនីត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

គួរដឹងថា អត្តពលិកដែលទៅចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នៅប្រទេសថៃ ត្រូវចេញដំណើរនៅថ្ងៃច័ន្ទនេះ មុនការប្រកួតនាថ្ងៃទី២៥-២៦ ខែមេសា នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃបន្ទាប់ ៕