(ភ្នំពេញ)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តលើកទី១ ដំបូងគេដែលមានលក្ខណៈខ្នាតធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយបណ្តាក្រុមហ៊ុនលក់រថយន្តទាំងអស់នៅកម្ពុជាចូលរួម នឹងរៀបចំឡើងនាថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានបណ្តាថ្នាក់ដឹកនាំជាច្រើនទៀតចូលរួម។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធីពិព័រណ៍រថយន្តនេះ។ ជួយផ្តល់ភាពងាយស្រួលចំពោះក្រុមហ៊ុនក្រៅប្រទេស ឬក្រុមហ៊ុនក្នុងប្រទេស និងអ្នកចែកចាយរថយន្តផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនងល្អជិតស្និតរវាងក្រុមហ៊ុនផលិត និងអតិថិជនដែលជាអ្នកប្រើប្រាស់។ ដើម្បីបង្កើនការទាក់ទាញដល់អតិថិជនឱ្យងាកមកប្រើប្រាស់រថយន្តថ្មីៗ ជំនួសរថយន្តមួយទឹកផងដែរ។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានអំពីពិព័រណ៍រថយន្ត ដែលបានធ្វើនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានលោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក្រុមហ៊ុន CREATIVE LIVING។ ពិធីនេះដែរបានធ្វើឡើងនៅ ដឹ ព្រេមៀ ផាលេស ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីតំណាងមកពីក្រុមហ៊ុនចំនួន ៣៧ផងដែរ។

លោក មាន សំអុល បានបន្ថែមថា ព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តដ៏ធំនេះ ក៏ដើម្បីជួយលើកកម្ពស់លើវិស័យពិព័រណ៍បែបបច្ចេកវិទ្យាសម័យទំនើប និងចូលរួមលើកស្ទួយប្រទេសកម្ពុជាឱ្យកាន់តែមានសក្តានុពល និងរីកចម្រើនបន្ថែមទៀត ទៅលើការនាំចូលរថយន្តទំនើបៗមកកម្ពុជា ថែមទាំងបង្កើនឱ្យមានការចាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រផលិតរថយន្តដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើងកាន់តែច្រើនថែមទៀត។

ជាមួយគ្នានេះលោក មាន សំអុល បញ្ជាក់ថា ចំពោះគ្រប់បណ្តាក្រុមហ៊ុនដៃគូរសហការដែលចូលរួមតាំងពិព័រណ៍រថយន្ត ទាំងអស់គ្នានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនគ្រប់ៗគ្នាទាំងអស់ មិនថាស្តង់ខ្នាតធំ ស្តង់ខ្នាតមធ្យម ស្តង់ខ្នាតតូចនោះទេ គឺទទួលបានការគាំទ្រពីសំណាក់អតិថិជនគោលដៅជាច្រើន ជាពិសេសអតិថិជនដែលមករៀបចំមង្គលការ នៅ ដឹ ព្រេមៀ សេនធ័រ សែន សុខ ចំនួនជាង ១ពាន់គូរ នឹងមានអតិថិជនផ្សេងៗទៀតចូលរួមទស្សនាដោយសេរី អំពីពិព័រណ៍រថយន្តនេះផងដែរ។

អតិថិជនផ្សេងៗទៀត ក៏នឹងចូលរួមតាមរយៈបណ្តាដៃគូរសហការចូលរួមទាំងអស់ និងតាមរយៈការផ្សព្វផ្សាយផេកផ្លូវការរបស់ក្រុមហ៊ុន ដឺ ព្រៃមៀ សេនធ័រ សែនសុខ ដូចជាតាមរយៈ បណ្តាញសង្គមហ្វេសបុក តេក តុក តាមរយៈការផ្សព្វផ្សាយវីដេអូ លោក ខេមរ៉ា និង ផ្សព្វផ្សាយនៅលើផ្ទាំង LED របស់ភោជនីយដ្ឋាន ដី ព្រេមៀ ផាលេស និងមានផ្ទាំងប៉ាណូផ្សព្វផ្សាយដាក់នៅបរិវេណខាងមុខអគាររោងការ ដឺ ព្រៃមៀ សេនធ័រ ព្រមទាំង តាមរយៈតារាចំរៀងប្រុសស្រីល្បីៗ ដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទ័សីមា ក្រុមលោក លឹម តិចម៉េង ក្រុមកំប្លែង នាយ ពាក់មី និង ពិធីការ ពិធីការនី ព្រមទាំងផ្សព្វផ្សាយតាមបណ្តាញសារពត៌មានទៀតផងដែរ ។

លោក មាន សំអុល បានបន្ថែមថា ចំពោះអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់អាចចូលទស្សនាការតាំងពិព័រណ៍រថយន្ត នៅថ្ងៃទី២៧ ២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ អាចចូលដោយសេរី មើលការប្រគុំតន្ត្រីដ៏អស្ចារ្យពី តារាល្បីៗ និងការប្រឹក្សាយោបល់ភ្លាមៗ តាមពីបណ្តាផ្នែកលក់នីមួយៗថែមទាំងទទួលបានកាដូវត្ថុអនុស្សាវរីយ៍តាមបណ្តាក្រុមហ៊ុននានាពិសេសនឹងអាចទទួលបានការបញ្ចុះតំលៃភ្លាមៗ រាល់ការបញ្ជាទិញរថយន្តនៅតាមស្តង់របស់ក្រុមហ៊ុននីមួយៗ។

នៅក្នុងកាសនេះដែរតំណាងក្រុមហ៊ុន HYUNDAI ក្រុមហ៊ុន BYD ក្រុមហ៊ុនTOYOTA ក្រុមហ៊ុន RMA និងក្រុមហ៊ុន CHEVROLET បានលើកឡើងនៅចំណាប់អារម្មណ៍ ក៏ដូចជាបានលើកឡើងអំពីកិច្ចការងារសំខាន់ៗជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ការរចនាម៉ូត សេវាកម្ម អំពីបច្ចេកវិទ្យាកម្រិតខ្ពស់ចុងក្រោយ រួមនឹងប្រភេទម៉ូដែលរថយន្តរបស់ខ្លួន ដែលនឹងត្រូវយកមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តនេះ និងបានលើកឡើងអំពីម៉ូដែលរថយន្តចុងក្រោយ ដែលត្រូវដាក់លក់នៅក្នុងទីផ្សារកម្ពុជា នាពេលខាមុនឆាប់ៗនេះផងដែរ៕