(ឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United កំពុងរង់ចាំរហូតដល់ចប់រដូវកាលនេះ មុនពេលបញ្ជាក់ពីអនាគតរបស់អ្នកចាត់ការ David Moyes។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

កិច្ចសន្យារបស់លោក​ Moyes នឹងផុតកំណត់នៅពេលចប់រដូវកាលនេះ ហើយលោកបានបដិសេធក្នុងការនិយាយថាតើអាណត្តិរបស់លោក នឹងត្រូវបន្ត ឬយ៉ាងណា?

បុរសវ័យ ៦០ឆ្នាំរូបនេះ គឹជាអ្នកចាត់ការដែលបានកាន់តួនាទីយូរជាងគេលំដាប់ទី៧ នៅទូទាំងលីគទាំង ៤លំដាប់របស់ចក្រភពអង់គ្លេស ដោយលោកបានជំនួសតំណែងលោក Manauel Pellegrini កាលពីខែធ្នូ ឆ្នាំ២០១៩។

លោក Moyes បានដឹកនាំ West Ham ជៀសផុតពីការកាត់ចោលនៅរដូវកាលនោះ ហើយចាប់តាំងពីពេលនោះមក បានដឹកនាំក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ និងទី៧ នៃលីគ Premier League បូករួមទាំងយុទ្ធនាការ European ដ៏គួរឱ្យកត់សម្គាល់ចំនួន ៣លើកទៀតផង។

អ្វីដែលជាស្នាដៃលេចធ្លោនោះ គឺបានកើតឡើងនៅទីក្រុង Prague កាលពីឆ្នាំមុន នៅពេលដែលលោកបានដឹកនាំ West Ham បញ្ចប់ការរង់ចាំរយៈពេល ៤៣ឆ្នាំរបស់ពួកគេសម្រាប់ការលើកពានរង្វាន់ ដោយពួកគេបានយកឈ្នះលើគូប្រជែង Fiorentina ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa Conference League។

គួរជម្រាបថា លោក Moyes កំពុងស្ថិតក្នុងពេលវេលានៃការដឹកនាំលើកទី២ ក្នុងនាមជាអ្នកចាត់ការក្លិប West Ham ដោយបានដឹកនាំជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨៕