(ឡុងដ៍)៖ អ្នករត់ប្រណាំងជាង ៥៣,០០០នាក់ បានរត់ដល់ទីបញ្ចប់នៅឯព្រឹត្តិការណ៍ London Marathon លើកទី៤៤ កាលពីថ្ងៃអាទិត្យ ដោយបង្កើតបានជាកំណត់ត្រាពិភពលោក។ នេះបើយោងតាមការបញ្ជាក់ពីអ្នករៀបចំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ពីព្រឹត្តិការណ៍កាលពីឆ្នាំមុន ដោយមានអ្នករត់ដល់ទីបញ្ចប់ត្រឹមតែ ៤៣,៩៦៥នាក់ប៉ុណ្ណោះ។

មានអ្នករត់ប្រណាំងចំនួន ៥៤,២៨១នាក់ បានរត់ចេញពីទីចាប់ផ្តើម បន្ទាប់ពីមានមនុស្ស ៦៥,៧២៥នាក់​បានចុះឈ្មោះចូលរួម។

ព្រឹត្តិការណ៍នេះ ក៏បានបង្កើតកំណត់ត្រានៃការរៃអង្គាសប្រាក់ផងដែរ ជាមួយនឹងប្រាក់ជាង ៦៧លានផោន (៨២លានដុល្លារអាមេរិក) ត្រូវរៃអង្គាសបាន គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងព្រឹត្តិការណ៍ លោក Hugh Brasher បានលើកឡើង៕