(ម៉ាទ្រីដ)៖ កីឡាករតេន្នីសលំដាប់កំពូលពិភពលោក Novak Djokovic នឹងមិនចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Madrid Open នាសប្តាហ៍នេះនោះទេ បន្ទាប់ពីត្រូវបានដកចេញពីការចាប់ឆ្នោតដ៏សំខាន់កម្រិត ATP Masters 1000 កាលពីថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សេចក្តីរាយការណ៍មួយបានឱ្យដឹងថា កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ Madrid Open នោះទេ ហើយនឹងបន្តការត្រៀមខ្លួនរបស់លោកសម្រាប់ព្រឹត្តិការណ៍ធំ French Open នាខែក្រោយ តាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ Italian Open នៅទីក្រុង Rome ជំនួសវិញ។

​Djokovic បានប្រកួតចុងក្រោយនៅឯព្រឹត្តិការណ៍ Monte Carlo Masters កាលពីដើមខែនេះ ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាទីកន្លែងដែលលោកបានផ្តួលកីឡាករ Casper Ruud។

លោកមិនទាន់បានឈ្នះពានរង្វាន់ណាមួយនោះទេក្នុងរដូវកាលនេះ ហើយបានប្រកួតត្រឹមតែក្នុង ៤ព្រឹត្តិការណ៍ប៉ុណ្ណោះ។

ម្ចាស់ពានរង្វាន់ជើងឯកកម្រិត Grand Slam ចំនួន ២៤លើករូបនេះ បានឈ្នះពាន Madrid Open ចំនួន ៣លើក ប៉ុន្តែបានប្រកួតត្រឹមតែ ១ព្រឹត្តិការណ៍ប៉ុណ្ណោះ ចាប់តាំងពីបានឈ្នះពានរង្វាន់លើកចុងក្រោយនៅកីឡដ្ឋាន Caja Magica ក្នុងឆ្នាំ២០១៩៕