(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយនៅថ្ងៃអង្គារនេះថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការរបស់អូស្រ្តាលី ដែលបង្ខំឱ្យលុបវីដេអូនៃការចាក់សម្លាប់នៅក្នុងព្រះវិហារនៅទីក្រុងស៊ីដនី។ នេះបើយោងតាមការចេញផ្សាយដោយ NDTV នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

អ្នកឃ្លាំមើលអ៊ីនធឺណិតរបស់ប្រទេសអូស្រ្តាលី បានធានានូវដីកាមួយនៅល្ងាចថ្ងៃចន្ទ ដោយបង្ខំឱ្យបណ្តាញផ្សព្វផ្សាយសង្គម X លាក់វីដេអូ (hide video) ដែលបង្ហាញពី លោកអាចារ្យ ឬ bishop នៅទីក្រុងស៊ីដនី ត្រូវបានចាក់សម្លាប់អំឡុងពេលការផ្សាយបន្តផ្ទាល់។

តែយ៉ាងណា X មិនបានចាប់អារម្មណ៍នោះទេ និងបានព្រងើយកន្តើយនឹងការអង្វរកររបស់អូស្រ្តាលីក្នុងការលុបរូបភាព និងវីដេអូទាំងនោះ ហើយ Musk ថែមទាំងនិយាយថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបង្គាប់ដោយហេតុផល «ផ្តល់សេរីភាពក្នុងការនិយាយ» ប្រសិនបើអូស្រ្តាលីនៅតែបង្ខំឱ្យលុបវីដេអូនោះទៀត។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហោះនៅលើ X ថា «ក្តីបារម្ភរបស់យើងគឺថា ប្រសិនបើប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យត្រួតពិនិត្យខ្លឹមសារសម្រាប់ប្រទេសទាំងអស់ នោះគឺជាអ្វីដែល 'eSafety Commissar' របស់អូស្ត្រាលីកំពុងទាមទារ ដូច្នេះអ្វីទៅជាការបញ្ឈប់ប្រទេសណាមួយពីការគ្រប់គ្រងអ៊ីនធឺណិតទាំងមូល»

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Anthony Albanese បាននិយាយថា Musk គឺជា «មហាសេដ្ឋីដ៏ក្រអឺតក្រទម» ដែលខ្វាក់ភ្នែកចំពោះទុក្ខព្រួយ ដែលបណ្តាលមកពីវីដេអូ។ លោក Albanese បានប្រាប់ទូរទស្សន៍ ABC ថា «យើងនឹងចាត់វិធានការតាមច្បាប់ទៅលើមហាសេដ្ឋីដ៏ក្រអើតក្រទមម្នាក់នេះ»

គួរជម្រាបដែរថា លោកអាចារ្យ ឬ bishop នោះមានឈ្មោះថា Mar Mari Emmanuel ត្រូវបានជនសង្ស័យអាយុ ១៦ឆ្នាំម្នាក់ចាក់សម្លាប់ (តាមការបញ្ជាក់កាប់ចំក្បាល និងដើមទ្រូង) កាលពីសប្តាហ៍មុន ដែលបង្កកឲ្យមានកុប្បកម្មដោយអ្នកដើរតាមព្រះវិហារ Assyrian Christian នៅភាគខាងលិចទីក្រុង Sydney៕