(បរទេស)៖ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាសពីគម្រោងសហការជាមួយក្រុមហ៊ុន hardware មួយចំនួនរួមមាន Lenovo, Microsoft និង Asus ដើម្បីបង្កើតវ៉ែនតាវៃឆ្លាតបែបពិភពនិម្មិតថ្មីមួយ (VR headset) ដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Horizon របស់ Meta ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

កិច្ចសហការនេះ គឺជាការផ្លាស់ប្តូរថ្មីមួយនៃឧបករណ៍វៃឆ្លាត ដើម្បីប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ និង software របស់ Meta ផ្ទាល់ ដូចទៅនឹងវ៉ែនតា VR របស់ Meta កន្លងទៅដូចជា Quest 3 និង Quest ជាដើម។ ការអភិវឌ្ឍន៍នេះ ក៏ត្រូវបានគេដឹងថា នឹងចូលខ្លួនមកប្រជែកជាមួយវ៉ែនតាវៃឆ្លាតរបស់ Apple ដែលទើបបញ្ចេញនាពេលថ្មីៗនេះ មានតម្លៃខ្ទង់ ៣,៥០០ដុល្លារ។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងបង្កើតឡើងវិញនូវប្រព័ន្ធប្រតិបត្តិការ Android ធៀបនឹងប្រព័ន្ធប្រតិបត្តិការ iOS នៅក្នុងស្មាតហ្វូន សម្រាប់ប្រើប្រាស់ជាមួយវ៉ែនតាវៃឆ្លាតដែលខ្លួនគ្រោងផលិត។

ក្នុងគម្រោងនេះ លោក Mark Zuckerberg ក៏បានសួរទៅ Google ផងដែរ ក្នុងគោលបំណងនាំយក Google Play ទៅកាន់ឧបករណ៍របស់ខ្លួន និងប្រព័ន្ធប្រតិបត្តិការ Horizon ។ ទោះជាយ៉ាងណាក៏ដោយ Meta មិនបានរៀបរាប់លម្អិតអំពីការរៀបចំអាជីវកម្មជាមួយដៃគូក្រុមហ៊ុន hardware និងគំរូអាជីវកម្មរបស់ខ្លួនសម្រាប់កម្មវិធីនោះទេ។ ក្នុងករណីប្រព័ន្ធប្រតិបត្តិការ Android របស់ Google សម្រាប់ទូរស័ព្ទ នឹងមានការផ្តល់ជូនកម្មវិធីដោយឥតគិតថ្លៃ។

Meta និយាយថា ការបើកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដល់ដៃគូផ្នែក Hardware នឹងអាចឱ្យពួកគេបង្កើតប្រភេទ Hardware ជាក់លាក់សម្រាប់ទីផ្សារផ្សេងៗគ្នា ដូចជាហ្គេម និងផលិតភាព ឬសូម្បីតែឧបករណ៍ផ្សេងៗទៀត។ Zuckerberg បាននិយាយថា វាអាចនឹងចំណាយពេលពីរបីឆ្នាំ សម្រាប់ឧបករណ៍ថ្មីនេះ ដើម្បីវាយលុកទីផ្សារ៕