(បរទេស)៖ TikTok Lite ត្រូវបានគេដឹងថា ជាកម្មវិធីមួយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានពិន្ទុ តាមរយៈការចូលទស្សនាវីដេអូ ឬតាមដានអ្នកបង្កើតមាតិកា។ បន្ទាប់មកពិន្ទុទាំងនេះ អាចប្តូរទៅជា កាតអំណោយ (gift card) ឬ ប័ណ្ណ Vouchers Amazon ជាដើម។ តែយ៉ាងណា នៅពេលនេះ TikTok Lite ហាក់ប្រឈមនឹងបញ្ហានៅក្នុងសហភាពអឺរ៉ុប ក្រោយជាប់សង្ស័យថា មុខងារមួយនេះបង្ករហានិភ័យចំពោះកុមារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

គណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានបើកការស៊ើបអង្កេតលើការបើកដំណើរការកម្មវិធីថ្មីនេះ នៅក្នុងប្រទេសបារាំង និងអេស្ប៉ាញ។ កម្មវិធីរង្វាន់របស់ TikTok Lite នេះទៀតសោត អាចត្រូវបានផ្អាកនៅក្នុងសហភាពអឺរ៉ុបតែម្តង ប្រសិនបើ TikTok មិនអាចដោះស្រាយការព្រួយបារម្ភ អំពីឥទ្ធិពលអាក្រក់ ដែលអាចកើតមានលើកុមារ។

ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់ EU លោក ធៀរី ប្រ៊េតុន (Thierry Breton) បានប្រកាសនៅថ្ងៃចន្ទនេះថា «លុះត្រាតែ TikTok ផ្តល់ភស្តុតាងគួរសម អំពីសុវត្ថិភាពរបស់កម្មវិធីនេះ ត្បិតរហូតមកទល់នឹងពេលនេះ TikTok បានបរាជ័យក្នុងការផ្តល់ភស្តុតាង ហើយយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមវិធានការបណ្តោះអាសន្នក្រោមច្បាប់សេវាកម្មឌីជីថល (DSA) រួមទាំងការផ្អាកមុខងារ TikTok Lite ដែលយើងសង្ស័យថា អាចបង្កើតការញៀន ឬជះផលអាក្រក់ដល់កុមារ»។ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ត្រូវបានផ្តល់ពេលវេលាឲ្យ ២៤ម៉ោង ដើម្បីផ្តល់របាយការណ៍វាយតម្លៃហានិភ័យនៅលើ TikTok Lite ឬប្រថុយនឹងការផាកពិន័យរហូតដល់ ១% នៃចំណូលប្រចាំឆ្នាំជាសកល។

ជុំវិញបញ្ហានេះ TikTok បាននិយាយថា ខ្លួនខកចិត្តជាខ្លាំង នឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប។ អ្នកនាំពាក្យរបស់ TikTok បាននិយាយថា «មុខងារផ្តល់រង្វាន់របស់ TikTok Lite មិនមានសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំទេ ពោលគឺអនុញ្ញាតសម្រាប់តែអាយុ១៨ឆ្នាំឡើងលើប៉ុណ្ណោះ ហើយវាមានដែនកំណត់ប្រចាំថ្ងៃលើការទស្សនាវីដេអូ។ យើងនឹងបន្តពិភាក្សាជាមួយគណៈកម្មការ...»