(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន SoftBank កំពុងសម្លឹងរកមើលការបង្កើតគំរូបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពបង្កើតជាភាសាជប៉ុនលំដាប់ពិភពលោក ហើយគ្រោងនឹងបណ្តាក់ទុនចំនួន ៩៦០លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីបង្កើនឧបករណ៍កុំព្យូទ័រ។ នេះបើយោងតាមរបាយការណ៍របស់ Nikkei ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ការបណ្តុះបណ្តាលគំរូភាសាធំ (LLM) ដូចជាកម្មវិធី GPT របស់ OpenAI តម្រូវឱ្យមាន ដំណើរការក្រាហ្វិកកម្រិតខ្ពស់ ដែល SoftBank គ្រោងនឹងបញ្ជារទិញពី ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់សហរដ្ឋអាមេរិក Nvidia។ នេះបើតាម Nikkei បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ពីប្រភពអនាមិក។ របាយការណ៍បាននិយាយថា ការវិនិយោគចំនួន ១៥០ពាន់លានយ៉េន (៩៦០លានដុល្លារ) នឹងត្រូវចំណាយក្នុងឆ្នាំ២០២៤ និង២០២៥ ហើយបន្ថែមទៅ ២០ពាន់លានយ៉េនដែល SoftBank បានចំណាយលើហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រកាលពីឆ្នាំមុន។

Nikkei បានបន្ថែមថា ការវិនិយោគចុងក្រោយបំផុតត្រូវបានគេជឿថា ជាការវិនិយោគដោយក្រុមហ៊ុនជប៉ុន ខណៈការចំណាយលុយរាប់លានដុល្លារនេះ នឹងនាំឲ្យ SoftBank នូវសមត្ថភាពកុំព្យូទ័រដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស។ យោងតាមទិន្នន័យពី Statista Market Insights បានឲ្យដឹងថា ទីផ្សារ AI របស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រហែល ១៣ពាន់លានដុល្លារនៅឆ្នាំ២០៣០។

គ្រាន់តែលេចចេញព័ត៌មាននេះ តម្លៃភាគហ៊ុនរបស់ SoftBank ហាក់មាននិន្នាការវិជ្ជមាន ស្របពេលក្រុមហ៊ុននេះ ផ្លាស់ប្តូរការផ្តោតទៅលើ AI ហើយកើនឡើងប្រហែល ២០% ពីមួយឆ្នាំទៅមួយឆ្នាំ។ SoftBank ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើការកសាងមជ្ឈមណ្ឌលទិន្នន័យ AI នៅទូទាំងប្រទេសជប៉ុន ហើយថ្មីៗនេះបានចូលរួមក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលតម្លៃ ៦៥ពាន់លានយ៉េន នៅហុកកៃដូផងដែរ៕