(អ៊ីតាលី)៖ ក្លិប Inter Milan បានក្លាយជាជើងឯកនៃប្រទេសអ៊ីតាលីជាលើកទី២០ បន្ទាប់ពីឈ្នះ ២-១ លើគូប្រជែង AC Milan គិតត្រឹមប្រកួតទី៣៣ ប្រចាំលីគរដូវកាលនេះ ដែលនៅសល់ ៥ប្រកួតទៀតត្រូវបញ្ចប់។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Francesco Acerbi និង Marcus Thuram ក្នុងលទ្ធផល ២-១ បាននាំជ័យជម្នះឱ្យក្រុមដឹកនាំដោយលោក Simone Inzaghi ឈានទៅលើកពានរង្វាន់លីគលើកទី២០ លើសគូប្រជែងស្ថិតក្នុងទីក្រុងតែមួយ AC Milan ដែលមាន ១៩លើក ។

Inter ឥឡូវនេះគឺជាក្រុមជោគជ័យបំផុតទី២ ក្នុងប្រវត្តិសាស្ត្រអ៊ីតាលី បន្ទាប់ពីក្រុម Juventus ជាមួយការឈ្នះពានរង្វាន់ចំនួន ៣៦លើកច្រើនជាងគេ ហើយភាពជោគជ័យនេះ ក៏ជាលើកទីមួយដែលមិនធ្លាប់មានក្នុងក្រុមមួយស្ថិតនៅទីក្រុងតែមួយនៅជំនួបដែលឱ្យឈ្មោះថា (Derby) ។

បញ្ជាក់ផងថា Inter Milan បានឈ្នះពានលីគរដូវកាលនេះក្រោយឆ្លងកាត់ ៣៣ប្រកួតរកបាន ៨៦ពិន្ទុដាច់ពីក្រុម AC Milan ឈរលេខ២ ដល់ទៅ ១៧ពិន្ទុ ដែលនៅសល់ ៥ប្រកួតទៀតបានបញ្ចប់៕