(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត២ (កម្រិតទ្វីប) លើកដំបូង ដើម្បីស្វែងរកធនធានគ្រូឆ្នើមឆ្ពោះទៅរកការបណ្ដុះបណ្ដាលកម្រិតពិភពលោក ឬកម្រិត៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។

នេះបើតាមការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បន្ទាប់ពីសហព័ន្ធ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន ដែលគាំទ្រដោយអង្គការសាមមគ្គីអូឡាំពិក(OS) និងសម្ព័ន្ធកីឡាប្រណាំងកង់ពិភពលោក(UCI) ។

លោក នូ ចំរើន ថា វគ្គនេះ មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ និងមានសិក្ខាកាម ១៧នាក់ចូលរួម ក្រោមការបង្រៀនរបស់គ្រូឧទ្ទេសជនជាតិអៀរឡង់ លោក Brian Anthony អ្នកជំនាញមកពី UCI ខណៈក្រោយបញ្ចប់ការសិក្សា ក៏នឹងមានការប្រឡង ដោយមានការចូលរួមវាយតម្លៃពីមន្ដ្រីជំនាញ UCI អ្នកស្រី Ernotte Salome Florence Marie មកពីបារាំងផងដែរ ។

លោកបន្ដថា វគ្គនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពធនធានគ្រូបង្វឹកឆ្ពោះទៅរកការបណ្ដុះបណ្ដាលកម្រិតខ្ពស់ ពីថ្នាក់ជាតិ រហូតដល់ថ្នាក់តំបន់ និងពិភពលោក ស្របតាមយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីឈានទៅរកការផលិតធនធានកីឡាករ-កីឡាការិនីប្រកបដោយសក្ដានុពល ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងស៊ីហ្គេម ២ឆ្នាំម្ដង ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាដើម ៕