(អាយរេស)៖ អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន Carlos Tevez ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតក្នុងទីក្រុង Buenos Aires បន្ទាប់ពីមានបញ្ហាឈឺចុកចាប់ក្នុងដើមទ្រូងកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កន្លងមកបុរសវ័យ ៤០ឆ្នាំរូបនេះ ក៏ធ្លាប់ចូលពេទ្យ ដោយសារជំងឺឈឺទ្រូងនេះដែរ (chest pain)។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិប Independiente នៅលើបណ្តាញសង្គម X បានបញ្ជាក់ថា «បញ្ហាជំងឺចុកទ្រូងរបស់ Tevez ត្រូវបានពិនិត្យរួចរាល់ហើយ និងរង់ចាំរហូតដល់ធូរស្បើយច្រើនឡើង ទើបអាចចេញពីមន្ទីរពេទ្យបាន»។

Tevez ដែលចូលលេងបាន ៧៦ប្រកួតជាមួយក្រុមជម្រើសជាតិពពកសអាហ្សង់ទីនចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥ នោះ បានចូលដឹកនាំក្លិបបាល់ទាត់អាជីព Independiente នាអំឡុងខែសីហា ឆ្នាំ២០២៣ ក្រោយពេលចូលនិវត្តន៍ពីកីឡាករអាជីពនាខែមិថុនា ឆ្នាំ២០២២ រួចមក។

រូបលោកធ្លាប់បានបង្ហាញខ្លួនសរុប ២០១ប្រកួតនៅក្របខណ្ឌ Premier League ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ ដោយរកបាន ៨៤គ្រាប់ផងដែរ និងឈ្នះពានលំដាប់កំពូលអង់គ្លេសមួយនេះបាន ២លើកជាមួយ Manchester United នាឆ្នាំ២០០៨ និងឆ្នាំ២០០៩ ហើយឆ្នាំ២០១២ វិញឈ្នះជាមួយ Manchester City៕