(ឡុងដ៍)៖ អតីតប្រធានក្រុមបាល់ឱបជម្រើសជាតិអង់គ្លេស អ្នកស្រី Sue Day នឹងជំនួសតំណែងអ្នកស្រី Sue Campbell ក្នុងនាមនាយកថ្មីផ្នែកបាល់ទាត់ស្ត្រី របស់សមាគមបាល់ទាត់អង់គ្លេស (FA)។ នេះបើតាមការឱ្យដឹងពី FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

អ្នកស្រី Sue Day វ័យ ៥១ឆ្នាំរូបនេះ នឹងផ្លាស់ចេញនៅដំណាច់ឆ្នាំនេះពីសហព័ន្ធកីឡាបាល់ឱប (Rugby Football Union) ជាទីកន្លែងដែលអ្នកស្រី មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានមន្ត្រីប្រតិបត្តិការ រួមទាំងជាប្រធានមន្ត្រីហិរញ្ញវត្ថុផងដែរ។

អ្នកស្រី Day ធ្លាប់ទទួលការកោះហៅ ៥៩លើកលេងឱ្យក្រុមបាល់ឱបជម្រើសជាតិអង់គ្លេស ​ប៉ុន្តែអ្នកស្រីស្រឡាញ់ និងជាអ្នកគាំទ្របាល់ទាត់ ១រូបផងដែរ។

អ្នកស្រី Day ក៏នឹងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ និងបង្កើនការយល់ដឹងអំពីកីឡាបាល់ទាត់ប៉ារ៉ា សម្រាប់កីឡាការិនីដែលមានពិការភាពដែរ។

​​គួរជម្រាបថា អ្នកស្រី Campbell នឹងចាកចេញពីតួនាទី បន្ទាប់ពីកាន់តំណែងបាន ៨ឆ្នាំ។ ក្រុមជម្រើសជាតិស្ត្រីអង់គ្លេស បានឈ្នះពានរង្វាន់ European Championship ក្នុងឆ្នាំ២០២២។

ក្រុមបាល់ទាត់ស្ត្រីអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវបារាំង នៅថ្ងៃទី៣១ ខែឧសភាខាងមុខ នៅកីឡដ្ឋាន St. James' Park ក្នុងការប្រកួតជម្រុះ Euro 2025 ដើម្បីឆ្ពោះទៅកាន់ការការពារពានរង្វាន់របស់ពួកគេ។ អង់គ្លេសបានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ជាមួយនឹងលទ្ធផលស្មើ ១-១ ទល់នឹងក្រុមស៊ុយអែត មុនពេលយកឈ្នះអៀរឡង់ ២-០៕