(មេនឆេស្ទឺ)៖ ក្លិបមេឃខៀវ Manchester City នឹងគ្មានវត្តមានកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ Erling Haaland នៅពេលដែលពួកគេត្រូវប្រកួតទល់នឹងគូប្រជែង Brighton & Hove Albion នៅថ្ងៃព្រហស្បតិ៍។ នេះបើតាមសម្តីអ្នកចាត់ការ Pep Guardiola ខណៈក្រុមរបស់លោក កំពុងបន្តជំរុញឆ្ពោះទៅរកការដណ្តើមពានរង្វាន់ Premier League ជាលើកទី៤ ជាប់ៗគ្នាដែរ។

«Erling Haaland មិនទាន់ជាសះស្បើយនៅឡើយទេសម្រាប់ការប្រកួតនៅថ្ងៃនេះ។ វាមិនមែនជារបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យគាត់ ចូលលេងក្នុងការប្រកួតនេះឡើយ»។ នេះបើតាមសម្តីអ្នកចាត់ការ Guardiola ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធរូបនេះ ក៏បានខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ឈ្នះលើក្លិបតោខៀវ Chelsea ដោយសាររងរបួសសាច់ដុំ អំឡុងពេលប្រកួតវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ចាញ់ Real Madrid ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

សូមជម្រាបថា Haaland ជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេរួមគ្នាក្នុងលីគ Premier League ក្នុងរដូវកាលនេះ ជាមួយកីឡាករ Cole Palmer របស់ក្លិប​ Chelsea ដោយរកបាន ២០គ្រាប់ដូចគ្នា៕