(បាសេឡូណា)៖ លោក Xavi Hernandez នៅតែបន្តធ្វើជាគ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona យ៉ាងហោចណាស់ក៏ដល់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កន្លងមកកាលពីខែមករា ឆ្នាំ២០២៤ បុរសវ័យ ៤៤ឆ្នាំរូបនេះ ធ្លាប់បានប្រកាសថា នឹងចាកចេញពីតួនាទីគ្រូបង្វឹក Barcelona នៅពេលចប់រដូវកាលឆ្នាំ២០២៣-២០២៤ តែក្រោយមកថ្មីៗនេះបានជួបពិភាក្សាជាមួយលោក Joan Laporta ប្រធានក្លិប Barcelona បានបញ្ចុះបញ្ចូលក្នុងការផ្លាស់ប្តូរចិត្ត ដើម្បីបន្តដឹកនាំរហូតដល់ចប់កិច្ចសន្យាតែម្តង ពោលគឺនៅខែមិថុនា ឆ្នាំ២០២៥។

Xavi ដែលស៊ុតបាន ៨៥គ្រាប់ពីការចូលលេងសរុបចំនួន ៧៦៧ប្រកួតជាមួយ Barcelona ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៥ នោះ បានចូលដឹកនាំ Barcelona នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយលាឈប់ពីក្លិប Al Sadd នៃប្រទេសកាតារួចមកដោយដណ្តើមបានជើងឯកពានលីគ La Liga ក្នុងរដូវកាលដ៏ពេញលេញរបស់លោកផងដែរកាលឆ្នាំ២០២២-២០២៣ ដ្បិតបច្ចុប្បន្នកំពុងដាច់ ១១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Real Madrid មុនពេលលេង ៦ប្រកួតទៀតបិទរដូវកាល។

កិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងនៅផ្ទះរបស់លោក Laporta កាលពីថ្ងៃពុធម្សិលមិញនេះ និងសម្ពាធពីក្លិបផងនោះ អាចជាមូលហេតុដែលជំរុញឱ្យលោក Xavi ប្តូរចិត្តបន្តដឹកនាំ Barcelona ១រដូវកាលថែមទៀត៕