(ក្រុងឡុងដ៍)៖ ហង្សក្រហម Liverpool បានលេងចាញ់ម្ចាស់ផ្ទះ Everton ២-០ នៅ Premier League ប្រចាំសប្តាហ៍ទី៣៤ របស់ពួកគេនាយប់មិញ លើសក្រុមលេខ៣ Manchester City ដែលទើបលេងបាន ៣២ប្រកួត ធ្វើឱកាសលើកពានលីគស្ថិតក្នុងភាពស្រពេចស្រពិល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជាការបរាជ័យលើកទី៤ ក្នុងលីគនារដូវកាលឆ្នាំ២០២៣-២០២៤ ស្ថិតក្នុងការដឹកនាំរដូវកាលចុងក្រោយរបស់លោក Jurgen Klopp ដែលរកបាន ៧៤ពិន្ទុចាញ់ប្រៀបក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣៤ប្រកួតដូចគ្នា គ្រាដែលក្រុមការពារតំណែងជើងឯក មេឃខៀវ Man City វិញនៅសល់ ២ប្រកួតក្នុងដៃ ដោយមាន ៧៣ពិន្ទុទៀតផង។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Goodison Park កីឡាករ Branthwaite និង Calvert-Lewin បានរួមចំណែករកបានម្នាក់ ១គ្រាប់ ដើម្បីជួយជ្រោមជ្រែង Everton ក្នុងការគេចផុតពីតំបន់កាត់ចេញពី Premier League នារដូវកាលនេះដែរ ដោយរកបាន ៣៣ពិន្ទុ នៅក្រៅតំបន់សុវត្ថិភាព ៨ពិន្ទុវិញ មុនពេលលេង ៤ប្រកួតទៀតបិទរដូវកាល។

នេះក៏ជាលើកដំបូងរបស់ក្រុមស្ករគ្រាប់ផងដែរ ដែលអាចលេងឈ្នះហង្សក្រហម Liverpool ក្នុងដីរបស់ពួកគេគិតចាប់តាំងពីខែតុលា ឆ្នាំ២០១០ មកក្នុងកម្មវិធីលីគកំពូលអង់គ្លេស Premier League។

Liverpool នៅសល់ ៤ប្រកួតដែលអាចនិយាយបានថា លំបាកយកពិន្ទុនៅពេលជួបក្រុម West Ham United, Spurs, Aston Villa និងថ្ងៃចុងក្រោយប៉ះ Wolves ពីការប្រជែងជើងឯក Premier League ដែលពួកគេបានខកខានតាំងពីឆ្នាំ២០២០ មក៕