(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនចិន Xiaomi លោក Lei Jun បានប្រកាសនៅថ្ងៃអង្គារ៍នេះថា ការបញ្ជាទិញរថយន្តអគ្គិសនី SU7 បានកើនឡើងដល់ ៧០,០០០ គ្រឿងហើយគិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមហ៊ុនមានបំណងរក្សាអាជីវកម្មរថយន្តរបស់ខ្លួន ដោយផ្តោត ១០០% នៅលើទីផ្សារប្រទេសចិន សម្រាប់រយៈពេលបីឆ្នាំខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្រុមហ៊ុន Xiaomi ដែលកន្លងទៅធ្លាប់តែលឺតាមរយៈការលក់ផលិតស្មាតហ្វូននោះ កំពុងកំណត់គោលដៅចែកចាយរថយន្តអគ្គិសនីច្រើនជាង ១០០,០០០គ្រឿង ក្នុងឆ្នាំ២០២៤នេះ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមបង្ហាញរថយន្តរបស់ខ្លួន ជាមួយការឌីហ្សាញ់ដ៏ទាក់ទាញ ដែលត្រូវបានគេចាត់ទុកថា យកគំនិតតាមម៉ូតរថយន្ត Porche។

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា ត្រៀមបើកហាងលក់រថយន្ត SU7 របស់ខ្លួនចំនួន៥៩នៅទូទាំងទីក្រុងទាំង២៩ ដែលរួមមានទីក្រុង Beijing, Shanghai, Guangzhou, Tianjin, Changsha, Taiyuan, Shenzhen, Wuhan, Hangzhou, Chengdu, និងទីក្រុងសំខាន់ៗមួយចំនួនទៀតក្នុងប្រទេសចិន។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi បែកចែកជាបីម៉ូដែល ក្នុងនោះមានម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max។ សម្រាប់តម្លៃវិញ គឺខ្ទង់ប្រហែល ២៩,៧៩៧ដុល្លារ សម្រាប់ម៉ូដែលស្តង់ដារ SU7, ខ្ទង់ប្រហែល ៣៣,៩៣៨ដុល្លារ សម្រាប់ម៉ូដែល SU7 Pro និងដល់ប្រហែល ៤១,៣៩១ សម្រាប់ម៉ូដែល SU7 Max។

ក្រោយទទួលជោគជ័យនៃការលក់រថយន្តអគ្គិសនីខាងលើនេះ នាយកប្រតិបត្តិ Xiaomi បាននិយាយថា ក្រុមហ៊ុននេះ មានបំណងវិនិយោគ ១១-១២ពាន់លានយន់ទៀតនៅឆ្នាំនេះ ក្នុងអាជីវកម្មថ្មី រួមទាំងផ្នែករថយន្ត និងប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទរបស់ខ្លួន។ គម្រោងវិនិយោគនេះ គឺដើម្បីសម្រេចគោលដៅ សម្រាប់ Xiaomi ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅទូទាំងពិភពលោកក្នុងរយៈពេល ១៥-២០ ឆ្នាំ ខាងមុខ៕