(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint Germain អាចនឹងក្លាយជាជើងឯក Ligue 1 នារដូវកាលឆ្នាំ២០២៣-២០២៤ នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង ក្នុងប្រកួតទល់នឹងក្រុមក្បែរបាតតារាង La Havre ដ្បិតកំពុងនាំមុខដាច់ ១១ពិន្ទុពីក្រុមលេខ២ Monaco។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ពួកគេត្រៀមលើកពានលីគកំពូលបារាំង Ligue 1 ជាលើកទី៣ ជាប់ៗគ្នា និងគម្រប់ទី១២ ផងដែរក្នុងប្រវត្តិសាស្រ្តនៃក្លិបប្រចាំទីក្រុង Paris មួយនេះក្នុងកីឡដ្ឋាន Parc des Princes របស់ខ្លួនតែម្តង។

តាមរយៈជ័យជម្នះក្នុងផ្ទះរបស់ Lorient ដោយលទ្ធផល ៤ទល់នឹង១ ពីការចែកគ្នាស៊ុតម្នាក់ ២គ្រាប់របស់កីឡាករ Ousmane Dembele និងប្រធានក្រុម Kylian Mbappe បានជួយឱ្យ PSG កាន់តែខិតជិតលើកពានលីគ ១០០%ទៅហើយ ស្របពេល Monaco លេងឈ្នះ Lille ១-០ ដែលបានបង្អាក់ពួកគេក្នុងការប្រកាសជើងឯកនាយប់ឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

លើសពីនេះទៀត ប្រធានក្រុមមាន់គកបារាំងគឺ Kylian Mbappe ក៏បានក្លាយជាកីឡាករបារាំងដំបូងគេ ដែលរកបាន ២៥គ្រាប់ក្នុងរយៈពេល ៤រដូវកាលជាប់ៗ ក្នុងចំណោមទាំង ៥លីគធំៗនៅអឺរ៉ុប និងមានគ្រាប់បាល់សរុបដល់ទៅ ៤២គ្រាប់ឯណោះ គ្រប់កម្មវិធីប្រកួតនារដូវកាលនេះជាមួយ PSG៕