(បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីលោក Ming-Chi Kuo បានរាយការណ៍មកថា ក្រុមហ៊ុនយក្ស Apple បានទម្លាក់ចំនួនវែនតា Vision Pro ដែលខ្លួនគ្រោងនឹងដឹកជញ្ជូននៅឆ្នាំ២០២៤ ពីចំនួនព្យាករណ៍ ៧០០,០០០-៨០០,០០០គ្រឿង មកនៅត្រឹមតែ ៤០០,០០០-៤៥០,០០០គ្រឿងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMarena។

ការបញ្ជាទិញ ត្រូវបានកាត់បន្ថយមុនពេលវែនតា Vision Pro ចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារខាងក្រៅសហរដ្ឋអាមេរិក ដែលលោក Kou និយាយថា វាជាសញ្ញាមួយដែលបង្ហាញថា តម្រូវការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបាន«ធ្លាក់ចុះយ៉ាងខ្លាំងលើសពីការរំពឹងទុក»

យ៉ាងណាមិញបើយោងតាមរបាយការណ៍មុន លោក Kou ធ្លាប់បានឱ្យដឹងថា Apple នឹងណែនាំ Vision Pro នៅក្នុងទីផ្សារថ្មីក្រៅពីសហរដ្ឋអាមេរិកមុនពេលព្រឹត្តិការណ៍ WDC ឬសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកនាខែមិថុនាខាងមុខមកដល់ ដែលបង្ហាញថា អ្នកប្រើប្រាស់ជាច្រើនទូទាំងពិភពលោក អាចឃើញវាបន្ថែមទៀតនៅក្នុងតំបន់មួយចំនួន។

តែយ៉ាងណាបន្ទាប់ពីការចេញលក់បានមួយរយៈនៅក្នុងទីផ្សារយក្សអាមេរិក ក្រុមហ៊ុន Apple ហាក់មិនមានសង្ឃឹមនោះទេ ដោយបានធ្វើការព្យាករណ៍ថា ចំនួននៃការនាំចេញ Vision Pro នឹងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា «កំពុងពិនិត្យ និងកែសម្រួល» ផែនការលក់ និងផលិតវែនតារបស់ខ្លួនឡើងវិញថែមទៀតផង។

គួរជម្រាបថា ប្រភពពីលោក Kou ដដែលក៏បានគូសបញ្ជាក់ផងដែលថា វែនតា Vision Pro ថ្មីស៊េរីឆ្នាំ២០២៥ នឹងមិនមានវត្តមាននៅទីផ្សារពិភពលោកនោះទេ៕