(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យកាលម៉ែត បានសហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន គល់ទទឹង, លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម,ថ្នាក់ដឹកនាំ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត្រ លោក លោកស្រី អ្នកស្ម័គ្រចិត្ត និងសប្បុរសជនអ្នកបរិច្ចាគឈាមជាច្រើននាក់។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់សប្បុរសជន គឺជាការបង្កើតទម្លាប់ និងវប្បធម៌នៃការចែករំលែក សកម្មភាពមនុស្សធម៌ដ៏ប្រពៃ នៅក្នុងសង្គមជាតិ។

លោកបានបន្តថា៖ «ការបរិច្ចាគឈាម មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺចាំបាច់ទៀតផង តួយ៉ាងមានអ្នកជំងឺត្រូវការឈាមជារៀងរាល់ ៦នាទីម្តង»

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វីតាល់ បានថ្លែងថា៖ «មូលនិធិ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រ ជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយ ឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្ធិធីឈាមសុវត្ថិភាព សម្រាប់អ្នកជំងឺប្រើប្រាស់»

ជាមួយគ្នានេះលាកស្រីសូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធី បរិច្ចាគឈាមឱ្យបានផុលផុស ដើម្បីជាចលករជម្រុញ ដល់វប្បធម៍ នៃការរួមគ្នាបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះមនុស្សជាតិ។

លោកសាស្ត្រាចារ្យ គង់ សន្យា បានឱ្យដឹងថា គិតមកត្រឹមពេលនេះ គឺជាលើកទី១០ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងបានរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំរហូតមកដោយមានការចូលរួមបរិច្ចាគឈាម ពីថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត រួមទាំងបងប្អូនសប្បុរសជននានា ជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺ កំពុងសម្រាកក្នុងមន្ទីរពេទ្យផងដែរ ដើម្បីបង្ហាញ ពីក្តីសេចក្តីស្រឡាញ់ និងទឹកចិត្តលះបង់ ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺបន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។

លោកបានបន្តថា វត្តមានរបស់លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកាល់ម៉ែត និងជំរុញលើកទឹកចិត្តឱ្យមន្ត្រី ព្រមទាំងបុគ្គលិកសុខាភិបាល បន្តខិតខំបន្ថែមយកចិត្តទុកដាក់ ពិនិត្យព្យាបាលជូនអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត។

លោកក៏បានសម្តែងនូវអំណរគុណ ចំពោះ មូលនិធិ២៥រៀល វីតាល់ ដែលបានចូលរួមជានិច្ច ក្នុងការសហការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់មន្ទីរពេទ្យកាលម៉ែត ជារៀងរាល់ឆ្នាំមិនដែលខកខាន។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា កម្មវិធីបរិច្ចាគឈាមព្រឹកនេះជាពិធីមានគុណតម្លៃ ជាកុសលដ៏ប្រសើរ និងជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែលមន្រ្តី-បុគ្គលិក របស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹក ក្នុងការសង្គ្រោះជីវិត ថែទាំ និងព្យាបាលជំងឺ ដោយប្រើអស់កម្លាំងកាយ ចិត្តក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះបានស្ម័គ្រចិត្តមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអ្នកជំងឺ ដោយផ្ទាល់ថែមទៀត។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីសោមន្សនៃទឹកមុខស្នាមញញឹម របស់សប្បុរសជនស្ម័គ្រ ចិត្តបរិច្ចាគឈាម សបញ្ជាក់ពីការយល់ដឹង នូវគុណតម្លៃ នៃការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃ។ លោករដ្ឋមន្រ្តីក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និង ជានិច្ចរបស់ មូលនិធិ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំសកម្មភាពប្រចាំឆ្នាំ នៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ -បុគ្គលិកនិងសប្បុរសជន នៃមន្ទីរពេទ្យកាលម៉ែត។

ពិធីដ៏មានសារៈសំខាន់នេះ ក៏មានព្រះវត្តមានរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ជាការលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ តាមរយៈការលះបង់ឈាមរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ ដែលលោកកំពុងរង់ចាំការ ជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំគ្រប់ថានានុក្រមទទួលខុសត្រូវ ជាមួយនឹងឈាមដែលជាឱសថ មានគុណតម្លៃឧត្តុង្គឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ៕