(បរទេស)៖ កម្មវិធីកម្សាន្ត TikTok កំពុងប្រឈមមុខនឹងការហាមប្រាមកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden ទើបតែចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេស ដោយក្នុងនោះក៏បានរួមបញ្ចូលសេចក្តីព្រាងច្បាប់ ដែលនឹងហាមឃាត់ TikTok ផងដែរ។ តាមការបញ្ជាក់ ប្រសិនបើក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance នៅតែមិនធ្វើតាមច្បាប់សហរដ្ឋអាមេរិកនោះទេ នឹងបាត់វត្តមានពីផ្សារនេះ ខណៈ TikTok មានរយៈពេល ៩ខែដើម្បីដោះស្រាយ។

យោងតាមរបាយការណ៍ចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ក្នុងការសម្រេចខាងលើនេះ បានផ្តល់ឱ្យ TikTok នូវជម្រើសពីរក្នុងនោះរួមមាន ក្រុមហ៊ុនមេ ByteDance ត្រូវបង្វែរ TikTok ទៅជាក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងរយៈពេលកំណត់ ៩ខែ ឬអាចទុកពេលរហូតដល់ ១២ខែ។ ប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះ គឺបានន័យថា នៅលើ App Store ឬ App ផ្សេងៗទៀត នៅទូទាំងអាមេរិក នឹងមិនមានកម្មវិធី TikTok ទៀតឡើយ។

តែយ៉ាងណា TikTok មិនបានយល់ស្របតាមការសម្រេច និងចុះលេខាដោយប្រធានាធិបតីលោក Joe Biden នោះទេ ដោយ TikTok បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទៅកាន់សារធារណៈជន ដោយក្រុមហ៊ុនខ្លួន គ្រោងនឹងជំទាស់នឹងបម្រាមនេះនៅតុលាការ ដែលលើកហេតុផលថា «វាមិនស្របតាមរដ្ឋធម្មនុញ្ញ»

គួរជម្រាបថា TikTok គឺជាបណ្តាញសង្គមដ៏ធំ និងរីកចម្រើនបំផុតមួយនៅក្នុងពិភពលោក ដែលមានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ប្រចាំខែ និងមានអ្នកប្រើប្រាស់សកម្មជាង ១៧០លាននាក់នៅក្នុងសហរដ្ឋអាមេរិក៕