(អាហ្សាក់)៖ លោក Arne Slot បាននិយាយថា រូបលោកមានក្តីសង្ឃឹមក្នុងការទទួលបានការងារដឹកនាំក្លិបហង្សក្រហម Liverpool តពីលោក Jurgen Klopp ដែលបានប្រកាសលាឈប់នៅបំណាច់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្លិបលេងនៅ Premier League របស់អង់គ្លេសបានបើកកិច្ចពិភាក្សាជាមួយក្លិបហូឡង់ Feyenoord កាលពីថ្ងៃពុធ ដើម្បីយកលោក Slot មកដឹកនាំ Liverpool ចាប់ពីរដូវកាលក្រោយតទៅ ជាអ្វីដែលបុរសសញ្ជាតិហូឡង់រូបនេះមានទំនុកចិត្តថា នឹងឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះដែរ។

ភ្លាមៗនោះ Slot វ័យ ៤៥ឆ្នាំក៏ប្រកាសប្រាប់ ESPN ពីចំណាប់អារម្មណ៍របស់លោកចង់បានការងារនេះ នៅមុនពេលដឹកនាំ Feyenoord លេងឈ្នះគូប្រជែង Go Ahead Eagles កាលពីរាត្រីថ្ងៃព្រហស្បតិ៍ក្នុងលីគថែមទៀតផង។

លោកថា «វាប្រាកដណាស់សម្រាប់ខ្ញុំដែលចង់ធ្វើការនៅទីនោះ។ គ្រប់យ៉ាងនៅពេលនេះ ខ្ញុំត្រឹមនិយាយបានថា ក្លិបកំពុងជជែកគ្នានៅឡើយ ដោយខ្ញុំបានកំពុងទន្ទឹងរង់ចាំចម្លើយដូចគ្នា»

គួរបញ្ជាក់ផងថា លោក Slot បានដឹកនាំ Feyenoord ដណ្តើមបានជើងឯកលីគកំពូលហូឡង់ Eredivisie នារដូវកាលឆ្នាំ២០២២-២០២៣ និងឈ្នះ Dutch Cup រដូវកាលនេះ ដែលជាគ្រូបង្វឹកម្នាក់ធ្លាប់ត្រូវបានគេទាក់ទងទៅដឹកនាំក្លិប Tottenham Hotspur និង Leeds United ទៀតផង៕