(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានចុះហត្ថលេខាជាមួយក្រុមហ៊ុនផលិតប្រេង Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត ភាពជាដៃគូរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កិច្ចសហប្រតិបត្តិការដែលមិនបានបង្ហាញពីទំហំទឹកប្រាក់រវាងភាគីទាំងពីរនេះដែរ គឺដើម្បីផ្តល់សិទ្ធិដល់ Aramco ក្នុងការឧបត្ថម្ភព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរសនៅឆ្នាំ២០២៦ និងព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក នៅឆ្នាំបន្ទាប់ផងដែរ។

កន្លងមកក្រុមហ៊ុនមួយនេះក៏បានធ្វើជាដៃគូឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 និងភាពជាដៃគូនៃក្រុមប្រឹក្សាកីឡាគ្រីឃីតអន្តរជាតិទៀតផង (International Cricket Council)។

ថ្លែងក្រោយចុះកិច្ចសន្យាជាស្ថាពរ លោក Gianni Infantino ប្រធាន FIFA បានឱ្យដឹងថា «Aramco ធ្លាប់ជាដៃគូឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក និងមានទិសដៅអភិវឌ្ឍន៍កីឡាផ្សេងៗទៅថ្ងៃអនាគតទៀតដែរ។ ភាពជាដៃគូជាមួយក្រុមហ៊ុននៅតំបន់ឈូងសមុទ្រនេះ នឹងបន្តធ្វើឱ្យវិស័យកីឡារីកសុះសាយជុំវិញពិភពលោកថែមទៀត»

នៅចាំបានថា ព្រឹត្តិការណ៍បាល់ទាត់ Club World Cup ដែលត្រូវបានរៀបចំឡើងដោយ FIFA នៅអារ៉ាប៊ីសាអូឌីតនាឆ្នាំ២០២៣ នោះ គឺជាយុទ្ធនាការកីឡាដ៏ធំផងដែរ ក្នុងចំណោមកីឡាផ្សេងៗ មុនពេលប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះ ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការរៀបចំ World Cup 2032 ដែលមាន ៤៨ប្រទេសចូលរួម ដ្បិត World Cup នៅឆ្នាំ២០២៦ មានដល់ទៅ ៣ប្រទេសធ្វើសហម្ចាស់ផ្ទះរួមមាន អាមេរិក កាណាដា និងមិចស៊ិក៕