(បរទេស)៖ Snap ដែលជាក្រុមហ៊ុនមេនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Snapchat បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុល្អប្រសើរជាងការរំពឹងទុកសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ដែលបណ្តាលឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើងខ្ពស់រហូតដល់ ២៥ភាគរយ និងឈានដល់តម្លៃ ១៤.៣២ដុល្លារក្នុងមួយហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។

យោងតាមទិន្នន័យរបស់ LSEG បានបង្ហាញថា ប្រាក់ចំណូលក្នុងត្រីមាសទី១ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា Snap ទទួលបានចំនួន ១.២ពាន់លានដុល្លារ បានកើនឡើងប្រមាណ ២១ភាគរយ បើធៀបនឹងត្រីមាសមុន និងលើសពីការប៉ាន់ប្រមាណពីមតិអ្នកវិភាគដែលមានចំនួនត្រឹមតែ ១.១២ពាន់លានដុល្លារប៉ុណ្ណោះ។

នៅក្នុងលិខិតផ្ញើទៅកាន់ម្ចាស់ភាគហ៊ុន Snap បាននិយាយថា អាជីវកម្មរបស់ខ្លួនកំពុងរីកចម្រើនលឿនជាងការរំពឹងទុក ដោយសារការធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងតម្រូវការខ្ពស់សម្រាប់លក្ខណៈពិសេសដែលជួយម៉ាកយីហោជំរុញការលក់ ឬការចុចចូលគេហទំព័ររបស់យើង (website clicks)។ លោក Max Willens អ្នកវិភាគជាន់ខ្ពស់របស់ Emarketer បាននិយាយថា «ការងារតស៊ូជាច្រើនឆ្នាំ កំពុងចាប់ផ្តើមផ្តល់ផលចំណេញសម្រាប់អាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Snap» ដោយបន្ថែមថា របាយការណ៍ប្រចាំត្រីមាសបង្ហាញថា Snap អាចនឹងកាន់តែរឹងមាំនៅប៉ុន្មានឆ្នាំខាងមុខនេះ។

ជាងនេះទៅទៀត Snap បានធ្វើការព្យាករណ៍សម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២៤របស់ខ្លួន ដោយរំពឹងថា នឹងអាចរកចំណូលបានចន្លោះពី ១.២៣ពាន់លានដុល្លារ ទៅ ១.២៦ពាន់លានដុល្លារ ខណៈប្រាក់ចំណូលនេះនឹងនៅតែបន្តកើនឡើង។

គួរជម្រាបដែរថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំនេះ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Snapchat ទទួលបានកំណើនអ្នកប្រើប្រាស់កាន់តែច្រើន ជាមួយនឹងចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃកើនឡើងដល់ ៤២២លាននាក់ ដែលជាចំនួនដល់ច្រើនបំផុតមួយ និងកើនលើសពីការរំពឹងទុករបស់អ្នកវិភាគចំនួន ៤១៩.៦លាននាក់៕