(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Enzo Fernandez កីឡាករមានតម្លៃខ្ពស់ជាងគេរបស់តោខៀវ Chelsea នឹងអវត្តមានរហូតដល់បិទរដូវកាលឆ្នាំ២០២៣-២០២៤ ក្រោយការវះកាត់ក្រលៀនរួចរាល់ (groin)។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ២៣ឆ្នាំរូបនេះ នឹងអវត្តមានសម្រាប់ ៦ប្រកួតចុងក្រោយក្នុងលីគ Premier League ដែលនៅសល់ ក៏ប៉ុន្តែអាចនឹងជាសះស្បើយទាន់ពេលនៃព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២០ ខែមិថុនា។

នៅចាំបានថា Fernandez បានមកចូលរួមជាមួយ Chelsea ដោយផ្ទេរចេញពីក្លិប Benfica របស់ព័រទុយហ្គាល់ ក្នុងតម្លៃបំបែកកំណត់ត្រានៅចក្រភពអង់គ្លេស ១០៧លានផោន នាថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករប្រចាំឆ្នាំ២០២៣។

ការផ្ទេរដ៏មានតម្លៃខ្ពស់បែបនេះ ក្រោយពេលរូបគេបានក្លាយជាកីឡាករវ័យក្មេងលេងល្អប្រចាំ World Cup 2022 ដែលបានរួមចំណែកក្រុមជម្រើសជាតិពពកសអាហ្សង់ទីន ឈ្នះជើងឯកទៀតផងនៅប្រទេសកាតា។

គិតមកទល់ពេលនេះ Fernandez ចូលលេងបាន ៤០ប្រកួតជាមួយតោខៀវ Chelsea ដែលត្រូវចាត់ទុកថា ជាយុទ្ធនាការដ៏លំបាកនារដូវកាលនេះ ដោយទើបរកបានតែ ៧គ្រាប់ប៉ុណ្ណោះ៕