(បាសេឡូណា)៖ លោក Xavi Hernandez បានទម្លាយថា គម្រោងការថ្មីទៅវិញទេ ដែលជំរុញឱ្យរូបលោកផ្លាស់ប្តូរចិត្ត ក្នុងការបន្តនៅដឹកនាំក្រុម FC Barcelona ១រដូវកាលទៀត ពុំមែនបញ្ហាលុយកាក់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំដែលបានចូលរួមសន្និសីទជាមួយប្រធានក្លិបអ្នកមានបុណ្យ Barcelona រួមទាំងនាយកកីឡាលោក Deco ផងនោះបានថ្លែងថា រូបលោកបានមើលឃើញពីការវិវត្តន៍ក្នុងក្លិបដ៏ធំមួយ ជាពិសេសចំពោះទម្រង់លេងក្រុមក្នុងរយៈពេល ២ខែចុងក្រោយនេះ។

លោកថា «វាមិនធម្មតា ឬក៏ងាយស្រួលក្នុងការសម្រេចចិត្តឡើយ។ តួយ៉ាងកាលពីខែមករា ឆ្នាំ២០២៤ ខ្ញុំគិតថាជាពេលដែលត្រូវដើរចេញ ប៉ុន្តែបច្ចុប្បន្នត្រូវបានផ្លាស់ប្តូរ ដោយគិតថា នៅបន្តជាពេលវេលាដ៏ស័ក្តិសមបំផុតហើយ»

Xavi បានបញ្ជាក់ថា «ខ្ញុំគិតថា គម្រោងការមិនទាន់បានបញ្ចប់នៅឡើយទេ ដែលពួកយើងត្រូវធ្វើរួមគ្នា ដើម្បីទទួលបានជោគជ័យ។ ខ្ញុំប្រាកដក្នុងចិត្ត និងរីករាយក្នុងការធ្វើ។ ៣ខែកន្លងផុតទៅរហូតដល់ពេលនេះ អ្វីៗត្រូវបានផ្លាស់ប្តូរហើយ»

គួរបញ្ជាក់ផងថា Xavi Hernandez ដែលធ្លាប់ចំណាយពេល ១៧ឆ្នាំលេងឱ្យ Barcelona ដោយឈ្នះពានសរុបដល់ទៅ ២៥ពានផងនោះ នឹងដឺកនាំក្លិបយក្សអេស្ប៉ាញប្រចាំតំបន់ Catalan មួយនេះរហូតដល់ចប់កិច្ចសន្យាតែម្តង ពោលគឺខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕