(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកម្មវិធីអប់រំកាយ និងកីឡា គឺជាសមាសភាពមិនអាចខ្វះបានក្នុងវិស័យអប់រំ ដើម្បីពង្រឹងនូវគុណភាពជីវិត តាមរយៈការធ្វើសកម្មភាព ទាំងរាងកាយ និងបញ្ញាស្មារតី។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយនាយបេសកកម្ម នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែមេសានេះ ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាជាតិទាំង១៣ និងតំណាងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជាង ៤០ ដែលត្រៀមបញ្ជូនប្រតិភូកីឡារបស់ខ្លួន ចូលរួមការប្រកួតនាចុងខែឧសភាខាងមុខ។

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំខាងលើបានបញ្ជាក់ថា «សមាសភាពនៃវិស័យអប់រំរបស់យើង មិនអាចខ្វះសមាសភាពវិស័យអប់រំកាយ និងកីឡាបានទេ។ នៅប្រទេសផ្សេងៗ ពិសេសនៅអឺរ៉ុប គេចាត់ទុកកម្មវិធីអប់រំកាយ និងកីឡា គឺជាសមាសភាពដ៏សំខាន់មួយ ដែលជាមូលដ្ឋានបង្កើតឲ្យមានមិត្តភាព សាមគ្គីភាព និងភាពសុខដុមរមនា ឬភាពសប្បាយរីករាយ និងបង្កើតឲ្យមានមោទនភាពក្នុងគ្រឹះស្ថានថែមទៀត»

លោកពន្យល់ថា គោលដៅកម្មវិធីអប់រំកាយ និងកីឡា គឺរួមគ្នាតែមួយទេ ដើម្បីលើកកម្ពស់សុខុមាលភាព ភាពសប្បាយរីករាយ និងការលើកកិត្តិយស ពិសេសជំរុញឲ្យបុគ្គល ដែលជាសិស្ស-និស្សិត បណ្ដុះនូវភាពជឿជាក់លើខ្លួនឯង ដែលគេហៅថា កីឡានាំមកនូវគុណភាពជីវិត ដូចការអប់រំដែរ គ្រាន់តែកីឡា នាំមកនូវគុណភាពជីវិត តាមរយៈការធ្វើសកម្មភាព ទាំងរាងកាយ និងបញ្ញាស្មារតី ដ្បិតកាលណាមានសុខភាពល្អ រាងកាយមាំមួន បញ្ញាស្មារតីពួកគេក៏ល្អប្រសើរដែរ។

លោក វ៉ាត់ ចំរើន បន្ដថា «នេះជាចំណុចសំខាន់ដែលយើងទាំងអស់គ្នា បំភ្លេចមិនបាននូវកម្មវិធីអប់រំកាយ និងកីឡា ព្រោះសិស្ស-និស្សិតរបស់យើង មានលក្ខណៈសម្បត្តិខុសៗគ្នា។ អ៊ីចឹងកីឡា គឺធ្វើឲ្យអ្នកមានជំងឺច្រើន ទៅជាកាត់បន្ថយជំងឺសល់តិច អ្នកលើសទម្ងន់ ឬអ្នកស្គមខ្លាំង ប្រែក្លាយទៅជាមនុស្ស ដែលមានថាមពល មានរាងកាយស្អាត មានកម្លាំង ស្មារតី ឆន្ទៈមោះមុតជាងមុន។ ដូច្នេះអត្ថប្រយោជន៍ និងសុខភាព ដែលទទួលបានពីការលេងកីឡា គឺពិតជាសំខាន់ណាស់»

ដោយហេតុនេះលោកបានរំឮក និងជំរុញឲ្យគ្រឹះស្ថានសិក្សាទាំងអស់ យកចិត្តទុកដាក់ចំពោះវិស័យអប់រំកាយ និងកីឡា មិនថា ការចូលរួមប្រកួត និងកម្មវិធីហ្វឹកហាត់ជាប្រចាំតាមសាលានោះទេ ត្រូវតែរៀបចំឲ្យមានស្ដង់ដាររួមមួយ រាប់ចាំពីថ្នាក់មត្ដេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ទាំងសាលារដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ស្ដង់ដារសាលារៀន ទាំងការអប់រំផង និងកម្មវិធីអប់រំកាយ និងកីឡាផង។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គ្រោងនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភាខាងមុខ ដោយមានប្រតិភូកីឡាជិត ២ពាន់នាក់ មកពី ៤៣គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស ហើយត្រូវប្រកួតលើ ១៣ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ ITF កីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាសីដក់ និងកីឡាគុនដាវ៕