(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភប្រាក់ចំនួន ៣០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ព្រមទាំងបានជូនកញ្ចប់ថវិកាមួយចំនួនផ្សេងទៀតដោយផ្ទាល់ ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការចូលរួមប្រាក់ឧបត្ថម្ភនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ហត្ថាចំពោះសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដែលការឧបត្ថម្ភនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។

មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប ផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជំងឺ រ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះការចូលរួមប្រាក់ឧបត្ថម្ភរបស់ធនាគារ ហត្ថា នេះនឹងជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប។

ធនាគារ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។

លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារ ហត្ថា បានថ្លែងអំណរគុណ និងអបអរសាទរ ដល់ការរួមចំណែកចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តម្ភរបស់មន្ទីរពេទ្យកុមារអង្គរ។

លោកបានថ្លែងថា «យើងខ្ញុំមានកិត្តិយសលើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួមក្នុងការផ្តល់ផលជាវិជ្ជមានទៅឱ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្មជូន»។​

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា «ខ្ញុំបាទផ្ទាល់ តំណាងឱ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រពីធនាគារ ហត្ថា ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឱ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង»។​

ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕